ព័ត៌មានជាតិ

សម្ដេចធិបតី សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជានិងថៃ នឹងអាចដោះស្រាយឆាប់ចប់

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍បង្ហាញក្ដីសង្ឃឹមថា បញ្ហាព្រំដែនកម្ពុជា-ថៃ នឹងអាចដោះស្រាយបានឆាប់ចប់ ដើម្បីផ្តល់សេចក្តីសុខដល់ប្រជាពលរដ្ឋទាំងសងខាង។

ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី២ស្ថិតនៅខេត្តតាកែវ នាព្រឹកថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ដោយបង្ហាញក្តីសង្ឃឹមថា បញ្ហាព្រំដែនរវាងកម្ពុជានិងថៃអូសដែលបានពេលវេលាប្រមាណជាជិត១ឆ្នាំមកនេះ នឹងមានដំណោះស្រាយក្នុងពេលឆាប់ៗខាងមុខជាមិនខាន។

សម្តេចធិបតីបន្តថា កម្ពុជានៅតែបន្តរក្សាជំហរដដែលក្នុងការដោះស្រាយតាមសន្តិវិធី ដោយផ្អែកលើសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងនានាមានស្រាប់ ដែលភាគីទាំង ពីរបានឯកភាពចុះហត្ថលេខាជាមួយគ្នាកន្លងមក រួមទាំងយន្តការអន្តរជាតិផងដែរ។

សម្ដេចបញ្ជាក់បន្ថែមថា យន្តការទាំងនេះ រដ្ឋាភិបាលថៃ ក៏បានលើកឡើងដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាដែរ។ សម្តេចនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្ថែមថា រដ្ឋាភិបាលថៃ ក៏មិនបានប្រកាស ទាត់ចោលកិច្ចព្រមព្រៀងណាមួយជាមួយកម្ពុជានៅឡើយនោះដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជាបង្ហាញក្តីសង្ឃឹមបន្ថែមថា រដ្ឋាភិបាលថៃ នឹងបង្កើតក្បាលម៉ាស៊ីន JBC ឱ្យបានត្រឹមត្រូវដើម្បីជួបប្រជុំជាមួយភាគីកម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយស្របទៅតាមកិច្ចព្រមព្រៀងទ្វេភាគី៕

To Top