Covid-19

ក្រោយចប់កូវីដ១៩ ទូទាំងពិភពលោក ប្រជាជនទីម័រឡេស្តេ នឹងសម្រុកមកលេងកម្ពុជា

ភ្នំពេញ៖ លោក Ermeneglido Kupa Lopes ឯកអគ្គរដ្ឋទូតទីម័រឡេស្តេប្រចាំកម្ពុជា បានអះអាងថា ក្រោយចប់វិបត្តិកូវីដ១៩ នៅទូទាំងពិភពលោក ប្រជា ជនទីម័រឡេស្តេយ៉ាងច្រើន នឹងសម្រុកមកលេងកម្ពុជា ព្រោះកម្ពុជាជាប្រទេសដែលមានគុណលើប្រទេសរបស់ពួកគេកន្លងមក។

ក្នុងជំនួប ជាមួយលោកថោង ខុន រដ្ឋមន្រ្តីក្រសួង ទេសចរណ៍នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២០ លោក Ermeneglido Kupa Lopes បានអះអាងថា” ប្រជាជនទីម័រច្រើនណាស់ដែលមានគម្រោងមកលេងផ្ទះមិត្តកម្ពុជា ព្រោះកម្ពុជាបានគាំទ្រប្រទេសពួកគេឲ្យទទួលបានឯករាជ្យ និងតែងតែគាំទ្រឲ្យទីម័រឡេស្តេចូលជាសមាជិកទី១១របស់អាស៊ាន ប៉ុន្តែដោយសារកើត វិបត្តិកូវីដនេះមក ពួកគេក៏រំសាយគម្រោងសិនទៅ។ នៅពេលចប់វិបត្តិកូវីដទូទាំងពិភពលោកហើយ ប្រហែលនឹងមានប្រជាជនទីម័រមកទស្សនាកម្ពុជាច្រើន”។

លោកថា ដូច្នេះហើយបានជាស្ថានទូតទីម័រឡេស្តេ ចង់ឲ្យមានកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ ជាមួយមិត្តកម្ពុជាកាន់តែទូលំទូលាយ។

ជាការឆ្លើយតបលោកថោង ខុន បានបង្ហាញស្វាគមន៍ចំពោះសំណើរបស់លោកឯកអគ្គរដ្ឋទូត Kupa ពីព្រោះប្រការនេះក៏ស្របទៅនឹងគំនិតរបស់លោកផងដែរ ដែលតែងតែចង់ពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសដទៃឲ្យបានកាន់តែច្រើន និងកាន់តែរឹងមាំ តួយ៉ាងកម្ពុជា-ទីម័រឡេស្ដេ មុននិងក្រោយក៏គង់តែក្លាយជាបងប្អូនរួមតំបន់តែមួយ។

ចំពោះបំណងប្រាថ្នារបស់ប្រជាជនមិត្តទីម័រដែលចង់មកទស្សនាកម្សាន្តកម្ពុជា លោករដ្ឋមន្ត្រី ក៏បានបង្ហាញការស្វាគមន៍យ៉ាងពេញចិត្ត ខណៈកម្ពុជាបាននិងកំពុងខិតខំរៀបចំកាន់តែល្អប្រសើរ ដើម្បីត្រៀមខ្លួនទទួលការវិលត្រឡប់របស់ភ្ញៀវទេសចរអន្តរជាតិ នៅពេលក្រោយចប់វិបត្តិកូវីដ ៕ ដោយ៖ធី លីថូ

To Top