ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ផ្ញើសារគោរពជូនពរសម្ដេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ សូមផ្ញើសារគោរពជូនពរសម្ដេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ដែលនឹងឈានចូលមកដល់នៅថ្ងៃអង្គារ ១២រោច ខែចេត្រ ឆ្នាំ មមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ខ្ញុំសូមលំឱនកាយវាចាចិត្តបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក គុណព្រះរតនត្រ័យកែវទាំងបី និងទសបារមីទេវតាថែរក្សាឆ្នាំថ្មី ព្រះនាម គោរាគៈទេវី សូមព្រះអង្គប្រោសប្រទាននូវសព្ទសាធុការពរ បវរមហាប្រសើរជូនសម្ដេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត សូមប្រកបដោយសុខភាពល្អបរិបូណ៌ កម្លាំងកាយមាំមួន ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ សម្រេចបានជោគជ័យដ៏ធំធេងថែមទៀត ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមសម្រាប់ជាតិ មាតុភូមិ។
ជាថ្មីម្ដងទៀត ខ្ញុំសូមគោរពប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះ សម្ដេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សូមប្រកបដោយពរទាំងឡាយប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕
