ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ស្ពឺ ធ្វើនំត្នោត ចំនួន ១លាននំ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរ

កំពង់ស្ពឺ ៖ នៅក្នុងពិធីអបអរសាទរកំពង់ស្ពឺសង្ក្រាន្តឆ្នាំថ្មី ឆ្នាំ២០២៦ដែលនិងចូលមកដល់នៅថ្ងៃស្អែកនេះ រដ្ឋបាលខេត្តកំពង់ស្ពឺក្រោមការផ្តួចផ្តើមរបស់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានរៀបចំបង្កើតមហាព្រឹត្តិការណ៍សង្ក្រាន្តដោយរៀបចំវេចខ្ចប់នំធ្វើពីត្នោតទុំដើម្បីដាក់ទទួលភ្ញៀវទេសចរជាតិ អន្តរជាតិពិសាដោយឥតគិតថ្លៃ។

យោងតាមសម្តីរបស់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ត្នោតគឺជាអត្តសញ្ញាណជាតិ អត្តសញ្ញាណនៃអ្នកកំពង់ស្ពឺ។ដូច្នេះដើម្បីលើកកម្ពស់នៃអត្តសញ្ញាណជាតិដ៏លេចធ្លោនេះ រដ្ឋបាលខេត្តបានរៀបចំដោយយកផ្លែត្នោតទុំមកធ្វើជានំចំរុះដើម្បីត្រៀមទទួលស្វាគមន៍ និងចែកជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកកម្សាន្តក្នុងព្រឹត្តិការណ៍«កំពង់ស្ពឺសង្ក្រាន្ត»សម្រាប់ឆ្នាំនេះឆ្នាំ២០២៦។ 

លោក ថា ការរៀបចំឱ្យមានវត្តមាននំត្នោតសម្រាប់ជូនដល់ភ្ញៀវទេសចរសម្រាប់ពិសាក្នុងឱកាសសង្ក្រាន្ត វាមិនត្រឹមតែបង្ហាញពីការបដិសណ្ឋារកិច្ចដ៏កក់ក្តៅប៉ុណ្ណោះទេ ប៉ុន្តែវាបានទាំងជាការចូលរួមលើកកម្ពស់កសិផលខ្មែរ និងបង្ហាញពីសក្តានុពលដ៏សម្បូរបែបនៃទឹកដីខេត្តកំពង់ស្ពឺ។ជាងនេះគឺបានបង្ហាញពីរសជាតិនៃនំត្នោតដែលវេចខ្ចប់ដោយដៃរបស់អ្នកកំពង់ស្ពឺផងដែរ។

ដើម្បីអបអរសាទរមហាព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្តឆ្នាំថ្មីនេះ អភិបាលខេត្តកំពង់ស្ពឺ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអំពាវនាវដល់ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិឱ្យមកលេងឱ្យបានច្រើនកុះករ ហើយសូមចូលរួមលេងកម្សាន្តជាមួយល្បែងប្រជាប្រិយគ្រប់ប្រភេទដែលរៀបចំដោយក្រុមការងារ ហើយក៏សូមអញ្ជើញមកទទួលយករសជាតិដើមដ៏ឈ្ងុយឆ្ងាញ់នៃនំត្នោតចំរុះចំនួន១លាននំដោយឥតគិតថ្លៃនៅបរិវេណសួនសម្តេចសង្ឃជួនណាតចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៦៕

To Top