ព័ត៌មានជាតិ

ពលករ និងសហគមន៍ខ្មែរនៅប្រទេសជប៉ុន រៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ យ៉ាងសប្បាយរីករាយចំនួន១៣ ទីតាំងដែលមានអ្នកចូលរួមជាង៨ពាន់នាក់

ពលករ សហគមន៍ខ្មែរ និងនិស្សិតខ្មែរនៅប្រទេសជប៉ុនប្រមាណ៨ពាន់នាក់ បានរៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរចំនួន១៣ទីតាំងដោយមានអ្នកចូលរួមប្រមាណជាង៨ពាន់នាក់យ៉ាងសប្បាយរីករាយ និងអធិកអធម។

ពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលធ្វើឡើងយ៉ាងអឹកអធឹកដូច្នេះ មានការចូលរួមសហការរវាងបងប្អូនពលករ និងសហគមន៍ខ្មែរ និងក្រុមការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងក្រុមការងារយុវជននៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ ( ESEA)លើ១៣ទីតាំងក្នុងនោះរួមមានខេត្តអ៊ិបារ៉ាគិ ខេត្តហ្វូគូអូកា និងសួនUenoទីក្រុងតូក្យូជាដើម។

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលបងប្អូនពលករ សហគមន៍ និងនិស្សិតខ្មែរនៅប្រទេសជប៉ុន និងក្រុមការងាររួមគ្នាប្រារព្ឋនាពេលនេះ ជាវេទិកាសំខាន់ដែលបង្ហាញពីសាមគ្គីភាពជាធ្លុងមួយរបស់ប្រជាពលរដ្ឋខ្មែរដើម្បីបន្តរក្សាវប្បធម៌ប្រពៃណីទំនៀមទម្លាប់ និងបង្ហាញអត្តសញ្ញាណជាតិខ្មែរដ៏សម្បូរបែប និងផូរផង់នៅលើឆាកអន្តរជាតិបើទោះបីជាស្ថិតនៅឯនាយសមុទ្រក៏ដោយ៕

To Top