ព័ត៌មានជាតិ

ពលករ និងសហគមន៍ខ្មែរ នៅកូរ៉េ ជប៉ុន និងម៉ាឡេស៊ីប្រមាណ៣ម៉ឺននាក់ បានរៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ យ៉ាងអធិកអធមដើម្បីបង្ហាញពីវប្បធម៌ប្រពៃណីដ៏ផូរផង់របស់ខ្មែរ

ភ្នំពេញ៖ ពលករ សហគមន៍ខ្មែរ និងនិស្សិតខ្មែរដែលកំពុងធ្វើការ និងស្នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូង ប្រទេសជប៉ុន និងប្រទេសម៉ាឡេស៊ី បានរៀបចំអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៦នេះយ៉ាងសប្បាយរីករាយ និងអធិកអធមដោយមានអ្នកចូលរួមប្រមាណ៣ម៉ឺននាក់។

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលត្រូវធ្វើឡើងដោយមានការសហការជាមួយក្រុមការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅតាមបណ្តាប្រទេសនីមួយៗ និងក្រុមការងារយុវជននៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ ( ESEA) ត្រូវបានរៀបចំឡើងសរុបមានចំនួន ២៧ទីតាំងដោយមានអ្នកចូលរួមសរុបប្រមាណ៣ម៉ឺននាក់ ក្នុងនោះរួមមាន១២ទីតាំងនៅសាធារណរដ្ឋកូរ៉េដែលអាចមានអ្នកចូលរួមសរុបចំនួនប្រមាណជា ២ម៉ឺននាក់, ប្រទេសជប៉ុន ចំនួន ១៣ទីតាំង ដែលមានអ្នកចូលរួមសរុបចំនួន ប្រមាណ ៨ពាន់នាក់ និង ប្រទេសម៉ាឡេស៊ី ចំនួន ២ទីតាំង គ្រោងមានអ្នកចូលរួមសរុបចំនួនប្រមាណ ៥០០នាក់។

ពិធីជួបជុំដ៏សប្បាយអឺងកងនេះ ជាពេលវេលាដ៏សំខាន់សម្រាប់បងប្អូនខ្មែរនៅក្រៅប្រទេសក្នុងការរួបរួមសាមគ្គីភាព បន្តរក្សាប្រពៃណីទំនៀមទម្លាប់ និងបង្ហាញអត្តសញ្ញាណជាតិខ្មែរឱ្យកាន់តែរឹងមាំនៅលើឆាកអន្តរជាតិដែលមានទាំងពិធីសាសនា ការលេងល្បែងប្រពៃណី ការរាំកម្សាន្ត និងការជួបជុំពិសារអាហារដែលជាការពូនជ្រំសាមគ្គីភាពរបស់បងប្អូនជនរួមជាតិខ្មែរតែមួយបើទោះបីជានៅឯនាយសមុទ្រក៏ដោយ៕

To Top