ព័ត៌មានជាតិ

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ មិនត្រូវបណ្ដោយឲ្យគេប្រើប្រាស់ តំបន់មិនទាន់ឯកភាពគ្នា បង្កើតបានភាពជាក់ស្ដែង នាំពិបាកដោះស្រាយ

ភ្នំពេញ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា មិនត្រូវបណ្ដោយឲ្យអ្នកណាចូលមកប្រើប្រាស់តំបន់ដែលមិនទាន់ឯកភាពគ្នា នៅតាមព្រំដែនបង្កើតបានជាភាពជាក់ស្ដែង ព្រោះនឹងនាំឲ្យពិបាកដោះស្រាយ។

ភាគីវៀតណាមបានបោះតង់ចំនួន ៣១កន្លែង នៅជាប់ព្រំដែនស្រុកលើកដែក និងស្រុកកោះធំ ខេត្តកណ្ដាល ដែលនេះជាតំបន់មិនទាន់ឯកភាពគ្នា លើខ្សែបន្ទាត់ព្ រំដែននៅឡើយ ។ ការបោះតង់របស់ភាគីវៀតណាមនេះ គឺធ្វើឡើងក្រោមហេតុផលទប់ស្កាត់ការរីក រាលដាលនៃជំងឺកូវីដ១៩ ។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី វឌ្ឍនភាព និងទិសដៅបន្តការងារ របស់ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៤ មិថុនានេះ លោក ផៃ ស៊ីផាន បានបញ្ជាក់ថា «ចំពោះសមត្ថកិច្ចមិនអនុញ្ញាតឲ្យមានសកម្មភាពណាមួយ នៅលើតំបន់ដែលមិនទានឯកភាពគ្នា ពីព្រោះគេបង្កើតនូវអ្វីទៅដែលគេហៅថា ភាពជាក់ស្ដែងដែលគេប្រើប្រាស់ ។ កាលណាយើងបណ្ដោយឲ្យគេប្រើប្រាស់ បង្កើតបានភាពជាក់ស្ដែង យើងនឹងពិបាកនិយាយជាមួយគេណាស់ ដូច្នេះសូមឲ្យប្រជាពលរដ្ឋចូលរួម ក្នុងកិច្ចការពារថែរក្សាទឹកដី» ។

លោក ផៃ ស៊ីផាន បន្ថែមថា សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលចង់បញ្ចប់ឲ្យមានព្រំដែនមួយដ៏ត្រឹមត្រូវ ដែលជាខ្សែព្រំដែន ប្រកបដោយកិច្ចសហប្រតិបត្តិការ ព្រំដែនសន្តិភាព ព្រំដែន ប្រកប ដោយវិបុលភាព ។ រាជរដ្ឋាភិបាល មិនចង់បានព្រំដែនមួយដែលមានជម្លោះ ហើយដើម្បីកុំឲ្យមានជម្លោះ គឺទាំងអស់គ្នាត្រូវយកចិត្តទុកខ្ពស់ ចំពោះបូរណភាពទឹកដី ព្រោះបច្ចុប្បន្នជាជំនាន់មួយដែល បញ្ចប់នូវអ្វី ដែលជាប្រវត្តិសាស្ត្រអាក្រក់ សម្រាប់កម្ពុជា ។ 

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ ក្នុងពិធីបិទវគ្គតម្រង់ទិសសម្រាប់ ឯកអគ្គរាជទូត និងមន្ត្រីការទូតកាលពីថ្ងៃទី៣ មិថុនា បានប្រាប់ទៅឯកអគ្គរាជទូត និងមន្ត្រីការទូតទាំងអស់ឲ្យយកចិត្តទុកដាក់ការពារ ផលប្រយោជន៍គ្រឹះរបស់ប្រទេសជាតិ និងប្រជា ពលរដ្ឋឲ្យបានគង់វង្សល្អ ។ ពោលគឺការពារបូរណភាពទឹកដី មិនត្រូវឲ្យគេរំលោភបំពាន និងមើលងាយជាដាច់ខាត ។

ប្រមុខការទូតកម្ពុជា បញ្ជាក់យ៉ាងដូច្នេះថា «អំពីគោលការណ៍ការងារទូទៅ គឺត្រូវផ្អែកលើការងារធំៗទាំង៥ ដែលក្រសួងបានដាក់ចេញហើយដែល  ត្រូវបានសម្តេចតេជោ នាយករដ្ឋមន្ត្រីគាំទ្រណែនាំបន្ថែមក្នុងឱកាសបិទសន្និបាតកាលពីដើមឆ្នាំនេះ។ ក្នុងនោះយកចិត្តទុកដាក់ការពារ ផលប្រយោជន៍គ្រឹះរបស់ប្រទេសជាតិ និងប្រជាពលរដ្ឋយើងឲ្យបានគង់វង្សល្អ ពោលគឺការពារបូរណភាពទឹកដី មិនឲ្យគេរំលោភបំពាន ទន្រ្ទានកាន់កាប់ ប្រើប្រាស់ខុសច្បាប់ ការពារ អធិបតេយ្យ ឯករាជ្យ កិត្យានុភាព កិត្តិយសជាតិយើង កុំឲ្យគេរំលោភបំពាន មើលងាយជាដាច់ខាត”។

លោកថា ការពារសន្តិភាព ស្ថេរភាព សណ្តាប់ធ្នាប់ របៀបរៀបរយផ្ទៃក្នុងប្រទេស តាមរយៈការតស៊ូប្រឆាំងដាច់ខាត រាល់ការប៉ុនប៉ងរុញច្រានឲ្យ ប្រទេសជាតិធ្លាក់ក្នុងសង្រ្គាមសារជាថ្មី ប្រឆាំងរាល់ការប៉ុនប៉ង ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីឆន្ទៈរបស់ ប្រជាជនម្ចាស់ឆ្នោតដ៏ច្រើនលើសលប់ ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១ មិថុនា ក្រសួងការបរទេសខ្មែរ បានកោះហៅលោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំកម្ពុជា មកប្រាប់ពីរឿងរ៉ាវដែលយោធាវៀតណាម បោះតង់ជាច្រើនកន្លែង នៅតំបន់ព្រំដែនមិនទាន់ឯកភាពគ្នា និងបានស្នើឲ្យភាគីវៀតណាម រុះរើតង់ទាំងនោះចេញជាបន្ទាន់ ហើយបន្តរក្សាស្ថានភាពដើម មិនកែប្រែក្នុងតំបន់នោះ រហូតដល់គណៈកម្មការ ព្រំដែននៃប្រទេសទាំងពីរ ដោះស្រាយកំណត់ខ្សែព្រំដែនជាក់លាក់ ជាស្ថាពរនៅតំបន់នោះ ដើម្បីប្រែក្លាយតំបន់ព្រំដែន ប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ជាប្រយោជន៍រួមសម្រាប់ ប្រជាជននៃប្រទេសទាំងពីរ ។

ការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់ខ្មែរទាំងពីរនេះស្របពេលថ្ងៃទី៤ មិថុនា នេះដែលជាខួបលើកទី៧១ បារាំងបានកាត់ដីខ្មែរកម្ពុជាក្រោមទៅឲ្យស្តេចបោយដាយ គ្រប់គ្រង៕ដោយ ខា ដា

To Top