កម្ពុជា បញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្ត ចំពោះនគរូបនីយកម្មដែលធន់នឹង ការប្រែប្រួលអាកាសធាតុ
ភ្នំពេញ៖ កម្ពុជាបានគូសបញ្ជាក់ជាថ្មី ពីតួនាទីដ៏សំខាន់របស់សភា ក្នុងការជំរុញនគរូបនីយកម្ម ដែលធន់នឹងការប្រែប្រួលអាកាសធាតុ នៅទូទាំងចលនាមិនចូលបក្សសម្ព័ន្ធ (NAM) ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភាបានឱ្យដឹងថា ក្នុងសន្និសីទលើកទី៥ នៃបណ្តាញសភាចលនាមិនចូលបក្សសម្ព័ន្ធ (NAM-PN) អំឡុងមហាសន្និបាតលើកទី១៥២ នៃសហភាពអន្តរសភា (IPU) នៅទីក្រុងស៊ីស្តង់ប៊ុល សាធារណរដ្ឋតួគឺយេ នាថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២៦ គណៈប្រតិភូសភានៃព្រះរាជាណាចក្រ កម្ពុជាដឹកនាំដោយលោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងជាប្រធានគណៈប្រតិភូ បានអញ្ជើញចូលរួមក្នុងការពិភាក្សាទូទៅ នៃមហាសន្និបាតលើកទី១៥២ នៃសហភាពអន្តរសភា ដោយបានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់សភា ក្នុងការជំរុញនគរូបនីយកម្មដែលធន់នឹងការប្រែប្រួលអាកាសធាតុ នៅទូទាំងចលនាមិនចូលបក្សសម្ព័ន្ធ។ កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ប្រតិភូជាង១៣០ រូប អញ្ជើញមកពីជិត៥០ប្រទេស និងអង្គការ ។
ក្រោមមូលបទ «តួនាទីរបស់សភា ក្នុងការធានានគរូបនីយកម្មដែលធន់នឹងការប្រែប្រួលអាកាសធាតុ នៅក្នុងតំបន់ » លោក អ៊ុច បូររិទ្ធ បានលើកឡើងថា នគរូបនីយកម្មយ៉ាងឆាប់រហ័ស ទោះបីជាជំរុញកំណើនសេដ្ឋកិច្ច និងនវានុវត្តន៍ក៏ដោយ ក៏កំពុងបង្កឱ្យមានបញ្ហាប្រឈមបន្ទាន់ពាក់ព័ន្ធនឹងការខូចខាតបរិស្ថាន ភាពងាយរងគ្រោះនៃការប្រែប្រួល អាកាសធាតុ និងសម្ពាធកាន់តែខ្លាំងលើហេដ្ឋារចនាសម្ព័ន្ធ និងធនធានធម្មជាតិ។
លោកសង្កត់ធ្ងន់ថា សភាត្រូវតែដើរតួនាទីស្នូល ក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ តាមរយៈមុខងារសំខាន់បី គឺការពង្រឹងក្របខ័ណ្ឌនីតិប្បញ្ញត្តិសម្រាប់ការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព ការធានាការត្រួតពិនិត្យ ប្រកបដោយប្រសិទ្ធភាពលើគោលនយោបាយរបស់រដ្ឋាភិបាល និងការពង្រឹងការទូតសភា ដើម្បីជំរុញ កិច្ចសហប្រតិបត្តិការអន្តរជាតិ។
កម្ពុជាបញ្ជាក់សារជាថ្មីថា ការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព និងការការពារបរិស្ថាន នៅតែ ស្ថិតនៅជាអាទិភាពខ្ពស់ក្នុងរបៀបវារៈជាតិរបស់ខ្លួន។
ប្រធានគណៈប្រតិភូកម្ពុជាបានលើកបង្ហាញអំពីការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានលើបរិស្ថានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ដែលជំរុញ កំណើនស្អាតបៃតង និងប្រកបដោយចីរភាព តាមរយៈការគ្រប់គ្រងធនធានដោយការទទួលខុសត្រូវ និងការថែរក្សាបរិស្ថាន៕



