ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទឈូសឆាយដីខុសច្បាប់ក្នុងដែនជម្រកសត្វព្រៃ ក្នុងភូមិសាស្រ្តខេត្តក្រចេះ
ភ្នំពេញ ៖ មន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ បានធ្វើការចុះពិនិត្យ និងឃាត់ខ្លួនបុរសម្នាក់ ដែលបានប្រព្រឹត្តបទល្មើសធនធានធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃឡង់ ក្នុងភូមិសាស្រ្តខេត្តក្រចេះ។ ជនសង្ស័យ ត្រូវបានកសាងសំណុំរឿងតាមនិតិវិធីច្បាប់ និងបញ្ជូនទៅតុលាការខេត្តក្រចេះ និងត្រូវបានឃុំខ្លួនដាក់ពន្ធនាគារ នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦។

យោងតាមអាជ្ញាធរ ជនត្រូវចោទ ឈ្មោះ សែម ឆៃ ត្រូវបានចាប់ខ្លួននៅថ្ងៃទី៧ ខែមេសា នៅភូមិបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ បន្ទាប់ពីប្រព្រឹត្តបទល្មើស កាប់ព្រៃឈើ ដោយខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ នៃដែនជម្រកសត្វព្រៃ«ព្រៃឡង់» នៅពេលមន្ត្រីឧទ្យានុរក្ស បានចុះល្បាត ទប់ស្កាត់ប្រឆាំងបទល្មើសធនធានធម្មជាតិ។ ជនសស្ស័យ ត្រូវបានចោទប្រកាន់ពីបទ កាប់គាស់ រុករានដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ តាមបញ្ញត្តិមាត្រា ៨៥១ ចំណុច ច នៃក្រមបរិស្ថាននិងធនធានធម្មជាតិ ប្រព្រឹត្តត្រង់ចំណុច ក្នុងតំបន់ការពារធម្មជាតិ ដែលជាតំបន់អភិរក្សជីវៈចម្រុះដ៏សំខាន់មួយរបស់កម្ពុជា។

សូមបញ្ជាក់ថា មន្រ្តីជំនាញក្រសួងបរិស្ថាន បន្តកិច្ចខិតខំប្រឹងប្រែងអនុវត្តច្បាប់ នឹងបន្តកំណត់គោលដៅអ្នកប្រព្រឹត្តល្មើសច្បាប់ទាំងអស់ ជាពិសេសការកាប់រុករានដីព្រៃ ធ្វើជាកម្មសិទ្ធិ ខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ហើយវិធានការច្បាប់នេះ នឹងត្រូវអនុវត្តតឹងរ៉ឹងថែមទៀត ដើម្បីការពារធនធានធម្មជាតិរបស់ប្រទេសកម្ពុជា៕

