ទិន្នន័យដឹកជញ្ជូនបង្ហាញថា នាវាដឹកប្រេងមួយគ្រឿង ឆ្លងកាត់ច្រកសមុទ្រ Hormuz ហើយឆ្ពោះទៅកាន់រោងចក្រចម្រាញ់ប្រេងកូរ៉េខាងត្បូង HD Hyundai Oilbank
បរទេស៖ ទិន្នន័យដឹកជញ្ជូនបានបង្ហាញថា នាវាដឹកប្រេងមួយគ្រឿងកំពុងធ្វើដំណើរទៅកាន់រោងចក្រចម្រាញ់ប្រេងកូរ៉េខាងត្បូង HD Hyundai Oilbank បន្ទាប់ពីឆ្លងកាត់ច្រកសមុទ្រ Hormuz។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ថា ទិន្នន័យ Kpler បានបង្ហាញថា នាវា Odessa ដែលមានទង់ជាតិម៉ាល់តា បានឆ្លងកាត់ច្រកសមុទ្រ Hormuz នៅថ្ងៃទី ១៣ ខែមេសា ប៉ុន្តែមិនបានបញ្ជាក់ថា នាវាដឹកប្រេងបានផ្ទុកប្រេងនៅទីណានោះទេ។
ទិន្នន័យ LSEG បានបង្ហាញថា នាវាដឹកប្រេង Suezmax ដែលអាចផ្ទុកប្រេងបាន ១លានបារ៉ែល បានបិទឧបករណ៍តាមដាន AIS ហើយបានលេចឡើងវិញនៅថ្ងៃទី ១៧ ខែមេសា នៅជិតកំពង់ផែ Fujairah របស់អារ៉ាប់រួម។
អ្នកនាំពាក្យរបស់ Hyundai Oilbank បានបញ្ជាក់ថា នាវាដឹកប្រេងកំពុងធ្វើដំណើរទៅកាន់រោងចក្រចម្រាញ់ប្រេងរបស់ខ្លួន ប៉ុន្តែបានបដិសេធមិនធ្វើអត្ថាធិប្បាយលើអ្វីដែលនាវាដឹកប្រេងកំពុងដឹកនោះទេ។ លោកបានសំដៅទៅលើទិន្នន័យដឹកជញ្ជូននៅពេលសួរថាតើនាវាបានឆ្លងកាត់ច្រកសមុទ្រនេះឬអត់។
ប្រែសម្រួល: ណៃ តុលា
