នាវាចម្បាំងរុស្ស៊ីចំនួន ២ គ្រឿងនៅឧបទ្វីបគ្រីមៀ ត្រូវបានអ៊ុយក្រែន វាយប្រហារ
គៀវ៖ កងកម្លាំងអ៊ុយក្រែន បានវាយប្រហារ ដោយជោគជ័យលើនាវាចម្បាំងរុស្ស៊ីចំនួនពីរគ្រឿងនៅឆ្នេរសមុទ្រគ្រីមៀ ក្នុងសមុទ្រខ្មៅ នេះបើយោងតាមក្រសួងការពារជាតិអ៊ុយក្រែន។
នាវាចុះចតធំៗរបស់កងនាវាចរសមុទ្រខ្មៅរុស្ស៊ី គឺ 775 Yamal និងគម្រោង 1171 Nikolai Filchenkov ត្រូវបានវាយប្រហារនៅឈូងសមុទ្រ Sevastopol ដោយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកពីកងកម្លាំងពិសេសអ៊ុយក្រែនពេញមួយយប់រវាងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់នាយកដ្ឋានស៊ើបការណ៍សម្ងាត់សំខាន់របស់ក្រសួង។
ការវាយប្រហារនេះបានធ្វើឱ្យនាវារុស្ស៊ីទាំងពីរគ្រឿង ដែលប្រើប្រាស់ក្នុងជម្លោះជាមួយអ៊ុយក្រែន មិនអាចដំណើរការបាន។
សាងសង់ក្នុងឆ្នាំ ១៩៨៨ នាវា Project 775 Yamal មានសមត្ថភាពដឹកជញ្ជូនទំនិញរហូតដល់ ៥០០ តោន រួមទាំងរថពាសដែក និងកងទ័ព។
ចំណែកនាវា 1171 Nikolai Filchenkov ដែលត្រូវបានរចនាឡើងដើម្បីដឹកជញ្ជូនទំនិញរហូតដល់ ១០០០ តោន អាចដឹកជញ្ជូនរថពាសដែករាប់សិបគ្រឿង និងកងកម្លាំងចុះចតដ៏ធំមួយ៕
ប្រែសម្រួល ឈូក បូរ៉ា
