ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ដើរថតស្លាកលេខម៉ូតូប្រជាពលរដ្ឋ បង្កការភ័យខ្លាច នៅសង្កាត់ចោមចៅទី៣

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការឃាត់ខ្លួនបុរសម្នាក់យកមកសាកសួរ និងធ្វើកិច្ចសន្យាអប់រំ បន្ទាប់ពីបុរសរូបនេះ និងបក្ខពួកម្នាក់ទៀត បានធ្វើសកម្មភាពដើរថតស្លាកលេខម៉ូតូរបស់អ្នកភូមិដោយគ្មានមូលហេតុ ដែលបង្កឱ្យមានការភ្ញាក់ផ្អើល និងភ័យខ្លាចដល់ប្រជាពលរដ្ឋ។

កាលពីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ២២:០០នាទី នៅចំណុចផ្លូវតាកន ស្ថិតក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ មានបុរស២នាក់ស្លៀកពាក់ស៊ីវិល និងមានកាន់វិទ្យុទាក់ទង (អាយកូម) ក្នុងដៃ បានដើរថតស្លាកលេខម៉ូតូរបស់ប្រជាពលរដ្ឋជាបន្តបន្ទាប់។ សកម្មភាពមិនប្រក្រតីនេះ ត្រូវបានគេថតបង្ហោះចែកចាយនៅលើបណ្តាញសង្គម ដែលធ្វើឱ្យមានការរិះគន់ និងព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាសន្តិសុខ។

នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចបានចុះស្រាវជ្រាវ និងនាំខ្លួនបុគ្គលម្នាក់ឈ្មោះ ហេង ទន ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិព្រៃទា២ មកសួរនាំនៅទីបញ្ជាការដ្ឋាន។ ក្នុងនោះ សមត្ថកិច្ចបានសម្រេច៖ ដកហូត វិទ្យុទាក់ទងចំនួន ០១គ្រឿង ទុកជាបណ្តោះអាសន្ន និង ធ្វើកិច្ចសន្យាឱ្យបញ្ឈប់រាល់សកម្មភាពដើរថតស្លាកលេខម៉ូតូប្រជាពលរដ្ឋតទៅទៀត ព្រោះវាជាទង្វើដែលប៉ះពាល់ដល់អារម្មណ៍សាធារណជន និងសណ្តាប់ធ្នាប់សង្គម។

ចំពោះបក្ខពួកម្នាក់ទៀតដែលបានរត់គេចខ្លួន សមត្ថកិច្ចកំពុងបន្តស្វែងរក ដើម្បីនាំយកមកធ្វើការអប់រំ និងធ្វើកិច្ចសន្យាដូចគ្នា។

To Top