លោក ខូយ រីដា អញ្ជើញចុះពិនិត្យដោយផ្ទាល់ ប្រើប្រាស់រថយន្តទឹក ដើម្បីស្រោចដើមឈើលម្អទ្រូងផ្លូវ តាមបណ្តោយផ្លូវជាតិលេខ៥
ពោធិ៍សាត់៖ ព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ក្នុងស្ថានភាពដែលអាកាសធាតុកំពុងមានកម្តៅកើនឡើងខ្លាំង លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ និងដឹកនាំបញ្ជាកម្លាំងអន្តរាគមន៍ប្រើប្រាស់រថយន្តទឹក (រថយន្តពន្លត់អគ្គិភ័យ) ដើម្បីស្រោចស្រពសង្គ្រោះដើមឈើលម្អទ្រូងផ្លូវ តាមបណ្តោយផ្លូវជាតិលេខ៥ ចាប់ពីក្រុងពោធិ៍សាត់ រហូតដល់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង ដេីម្បីរក្សាសោភណភាពស្រស់បំព្រង ដើម្បីធានានូវសោភ័ណភាព និងបរិស្ថានបៃតងតាមដងផ្លូវ។

សកម្មភាពនេះត្រូវបានរៀបចំឡើង ដើម្បីឆ្លើយតបទៅនឹងស្ថានភាពរដូវប្រាំង ដែលមានអាកាសធាតុក្តៅហួតហែងខ្លាំង ដែលអាចបណ្តាលឱ្យដើមឈើលម្អតាមទ្រូងផ្លូវក្រៀមស្វិត ឬងាប់ ប្រសិនបើខ្វះការថែទាំ និងការផ្គត់ផ្គង់ទឹកមិនបានគ្រប់គ្រាន់។

ក្នុងឱកាសនោះដែរ លោកខូយ រីដា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅឋានតាមសងខាងផ្លូវ សូមចូលរួមជួយថែរក្សា និងស្រោចទឹកដើមឈើនៅមុខផ្ទះរៀងៗខ្លួនបន្ថែមទៀត ដើម្បីរួមគ្នាធ្វើឱ្យខេត្តពោធិ៍សាត់ ក្លាយជាខេត្តដែលមានបរិស្ថានស្អាត និងមានភាពទាក់ទាញគ្រប់រដូវកាល៕
អត្ថបទនេះ÷ រដ្ឋបាលខេត្តពោធិ៍សាត់ ខេម៉ា | ដើមអម្ពិល
