ព័ត៌មានជាតិ

ក្រសួងសាធារណការ ចេញមុខឆ្លើយតបភ្លាមៗ ក្រោយ មជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល ផ្សាយរឿងផ្លូវស្រុតនៅកែវសីមា

ភ្នំពេញ៖ ក្រោយការចុះផ្សាយរបស់ មជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល អំពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋ និងគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយផ្លូវស្រុតលើខ្សែផ្លូវលេខ ៣៧៦២A កែវសីមា-ឡាប៉ាខេ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឆ្លើយតបមកកាន់មជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល ក្នុងថ្ងៃដដែលនេះថា ក្រសួងបានជ្រាបពីបញ្ហា និងបញ្ជាក់ថា ក្រុមការងារបច្ចេកទេសបានចុះទៅត្រួតពិនិត្យដល់ទីតាំងកើតហេតុរួចរាល់ហើយ។

ក្រសួងកំពុងរៀបចំកម្លាំងក្រុមការងារ ដើម្បីត្រៀមលក្ខណៈចុះជួសជុលចំណុចដែលស្រុតនោះឱ្យបាន «ឆាប់រហ័សបំផុត»។

លោកបានសរសេរថា “ក្រុមការងារបានចុះទៅពិនិត្យធ្វើទីតាំងនេះហើយ និងរៀបចំក្រុមការងារដើម្បីត្រៀមជួសជុល អោយបានឆាប់រហ័ស”។

ការឆ្លើយតបរបស់លោក ផន រឹម គឺជាសញ្ញាវិជ្ជមានមួយបង្ហាញពីអន្តរាគមន៍រហ័សរបស់ថ្នាក់ដឹកនាំក្រសួងសាធារណការ បន្ទាប់ពីទទួលបានព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយ ហើយ ក៏គឺជាការសម្រួលដល់ការព្រួយបារម្ភរបស់ពលរដ្ឋ ដើម្បីធានាសុវត្ថិភាពជូនអ្នកធ្វើដំណើរ និងឆ្លើយតបទៅនឹងការព្រួយបារម្ភរបស់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋក្នុងតំបន់។

ដោយ៖ ចាន់បុត្រ|មណ្ឌលគិរី

To Top