បាញ់ប្រហារនៅម៉ាឡេស៊ី បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ ប៉ូលីសអះអាងថា មិនពាក់ព័ន្ធនឹងភេរវកម្ម
បរទេស៖ បុរសអាយុ ៧១ ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីការបាញ់ប្រហារបីលើកដែលបានឆក់យកជីវិតបុរសពីរនាក់ក្នុងស្រុក និងស្ត្រីជនជាតិវៀតណាមម្នាក់នៅទីក្រុង Johor ប្រទេសម៉ាឡេស៊ី។
យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ថា អាជ្ញាធរបានបញ្ជាក់ថាជនសង្ស័យត្រូវបានចោទប្រកាន់ថា បានប្រើកាំភ្លើងខ្លីវាយប្រហារនៅភោជនីយដ្ឋានមួយដែលមានទីតាំងនៅ Kota Tinggi កាលពីថ្ងៃអាទិត្យមុន។
លោក CP Datuk Ab Rahaman Arsad អធិការប៉ូលីសទីក្រុង Johor បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលដកស្រង់ដោយ MalayMail ថា “ហេតុការណ៍នេះមិនពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មដែលបានរៀបចំ ឬភេរវកម្មទេ ហើយយើងមិនច្រានចោលលទ្ធភាពដែលហេតុផលអាចទាក់ទងនឹងបញ្ហាបំណុលផ្ទាល់ខ្លួនទេ”។
ជនរងគ្រោះជនជាតិវៀតណាមត្រូវបានកំណត់អត្តសញ្ញាណថាជាម្ចាស់ហាងដែលអំពើហិង្សាបានផ្ទុះឡើង។
យោងតាមរបាយការណ៍ពី The Star ឋានៈរបស់ជនសង្ស័យជាម្ចាស់ដីបានផ្តល់សិទ្ធិស្របច្បាប់ដល់គាត់ក្នុងការកាន់កាប់អាវុធ។ ការស៊ើបអង្កេតក៏បានបង្ហាញថាគាត់មិនមានប្រវត្តិឧក្រិដ្ឋកម្មពីមុនមកមុនព្រឹត្តិការណ៍នៅចុងសប្តាហ៍នេះទេ។
ប្រែសម្រួល: ណៃ តុលា
