សមត្ថកិច្ចឃាត់ខ្លួនបាន ជនសង្ស័យម្នាក់ លួចកាត់យកខ្សែភ្លើង និងទុយោស្ពាន់ពីម៉ាស៊ីនត្រជាក់
បាត់ដំបង៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនក្រោយបានធ្វើសកម្មភាពចូលលួចកាត់យកខ្សែភ្លើង និងទុយោស្ពាន់ពីម៉ាស៊ីនត្រជាក់ ខណៈពេលដែលម្ចាស់មិនបាននៅផ្ទះ។

កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីទទួលបានព័ត៌មានពាក់ព័ន្ធករណីចោរលួចដោះម៉ាស៊ីនត្រជាក់ដោយកាត់យកតែខ្សែភ្លើងនិងទុយោស្ពាន់ពីលំនៅដ្ឋានមួយកន្លែងដែលមិនមានម្ចាស់រស់នៅ ស្ថិតនៅក្នុងក្រុមទី៣៨ ភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

ជនសង័្សយត្រូវបានឃាត់ខ្លួនឈ្មោះ រិន ភា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅក្នុងស្ថានីយ៍រថភ្លើង ស្ថិតក្នុងសង្កាត់ទួលតាឯក ក្រុងបាត់ដំបង ដោយជនសង័្សយបានឆ្លើយសារភាពថា ដោយសំគាល់ឃើញថា លំនៅដ្ឋានមួយកន្លែងខាងលើមិនមានម្ចាស់រស់នៅ រូបគេក៏បានធ្វើសកម្មភាពឡើងតាមដើមឈើខាងមុខផ្ទះចូលទៅគាស់ទ្វារផ្ទះនិងកាត់យកខ្សែភ្លើងទុយោស្ពាន់ ពីកន្ទុយម៉ាស៊ីនត្រជាក់ក្នុងលំនៅដ្ឋាននាយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ដើម្បីយកស្ពាន់ខាងក្នុងលក់ ។

បន្ទាប់ពីសាកសួររួច ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅអនុវត្តទោសតាមផ្លូវច្បាប់៕


