ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ បាននិងកំពុងអញ្ជើញពិនិត្យការដ្ឋានសាងសង់អគារ ទីស្នាក់ការកណ្តាល គណបក្សប្រជាជនកម្ពុជា ស្ថិតនៅតាមបណ្តោយវិថីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
អគារថ្មីនៃទីស្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទីតាំងអគារចាស់ ដែលមានទំហំប្រមាណ ១.៦ហិកតា និងមានកម្ពស់ចំនួន៥ជាន់ ទំហំសំណង់អាគារជាង ៥០,០០០ម៉ែត្រក្រឡា ដែលពេលនេះសាងសង់ជិតរួចរាល់ទាំងស្រុងហើយ គឺបានប្រមាណ៩៥%។ អគារនេះត្រូវបានសាងសង់ឡើងជាមួយនឹងក្បូរក្បាច់រចនាបថខ្មែរដ៏ល្អវិចិត្រ ដែលខាងក្រៅអគារទាំង
មូលត្រូវបានរំលេចទៅដោយពណ៌ស ដែលជានិមិត្តរូបនៃភាពស្មោះសបរិសុទ្ធសម្រាប់ជាតិ និងប្រជាជន។
អគារដ៏ធំស្កឹមស្កៃនេះបានបង្ហាញឱ្យឃើញពីភាពរឹងមាំ និងជានិមិត្តរូបនៃការរួបរួម សាមគ្គីភាព និងភាពរុងរឿងដ៏អស្ចារ្យរបស់គណបក្សប្រជាជនកម្ពុជា ដែលជាបង្អែកមិនអាចខ្វះបានសម្រាប់ជាតិ និងប្រជាជនកម្ពុជាតាំងពីអតីតកាល បច្ចុប្បន្ន និងទៅអនាគត។ គណបក្សប្រជាជនកម្ពុជា ដែលចាប់បដិសន្ធិឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ បានក្លាយទៅជាគណបក្សនយោបាយមួយ ដែលបានបំពេញបេសកកម្មយ៉ាងសកម្មជាទីបំផុត ដើម្បីនាំមកនូវឧត្តមប្រយោជន៍សម្រាប់ជាតិកម្ពុជា។ គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណងនិងឧត្តមគតិរបស់ខ្លួន ដោយឈរនៅខាងប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម៕