ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង៖ អាមេរិកគ្មាន ជំហររិះគន់ចិនទេ


បរទេស៖ ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ នៅថ្ងៃព្រហស្បតិ៍ បាននិយាយប្រាប់ថា សហរដ្ឋអាមេរិក គឺគ្មានគោលជំហរត្រូវរិះគន់ ប្រទេសចិន ជុំវិញរឿងទីក្រុងហុងកុង ឬក៏សិទ្ធិមនុស្ស នៅពេលទីក្រុងវ៉ាស៊ីនតោន គម្រាមព្រលែងឆ្កែ ដើម្បីបង្ក្រាបបាតុកម្មប្រឆាំងការរើសអើងពូជសាសន៍ នៅក្នុងប្រទេសនោះ។

នៅក្នុងអត្ថបទព័ត៌មានមួយ ចេញដោយកាសែតរដ្ឋកូរ៉េខាងជើង មន្ត្រីនាំពាក្យឲ្យនាយកដ្ឋានកិច្ចការអន្តរជាតិ របស់គណបក្សពលករកូរ៉េ ដែលមិនបញ្ចេញឈ្មោះមួយរូប បានធ្វើការរិះគន់ ចំពោះការថ្លែងថ្មីៗនេះធ្វើឡើង ដោយរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo។

គួរបញ្ជាក់ថា ថ្លែងទៅកាន់ទីភ្នាក់ងារ សារព័ត៌មាន Fox News កាលពីថ្ងៃអាទិត្យ លោក Mike Pompeo បានមានប្រសាសន៍ថា សកម្មភាពធ្វើឡើងដោយគណបក្សកុម្មុយនិស្តចិន នាពេលថ្មីៗនេះ បង្ហាញថា វាមានបំណងបំផ្លាញចោលគោលគំនិតលោកខាងលិច លទ្ធិប្រជាធិបតេយ្យលោកខាងលិច គុណតម្លៃលោកខាងលិច និងដាក់ជនជាតិអាមេរិកឲ្យស្ថិតនៅក្នុងហានិភ័យ៕

ប្រែសម្រួល៖ប៉ាង កុង

To Top