សមាជិកព្រឹទ្ធសភា ហ្វីលីពីន រិះគន់សេចក្តីសម្រេច របស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) លើយុត្តាធិការសំណុំរឿងរបស់លោកឌូទើតេ
ម៉ានីល៖ សមាជិកព្រឹទ្ធសភាហ្វីលីពីន លោកស្រី អ៊ីមី ម៉ាកូស បានរិះគន់សេចក្តីសម្រេច របស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដែលគាំទ្រយុត្តាធិការក្នុងសំណុំរឿង ដែលពាក់ព័ន្ធនឹងអតីតប្រធានាធិបតីលោក រ៉ូឌ្រីហ្គោ ឌូទើតេ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយកាលពីថ្ងៃពុធ លោកស្រី ម៉ាកូស បាននិយាយថា សេចក្តីសម្រេចនេះ “មិនអើពើនឹងការដកខ្លួន ចេញពីលក្ខន្តិកៈទីក្រុងរ៉ូមរបស់ហ្វីលីពីន”។
លោកស្រីបានបន្ថែមថា “យុត្តិធម៌ត្រូវតែត្រូវបានបន្តតាមរបៀប ដែលស្របតាមរដ្ឋធម្មនុញ្ញរបស់យើង ច្បាប់របស់យើង និងភាពសុចរិត នៃដំណើរការតុលាការរបស់យើង”។
សភាឧទ្ធរណ៍របស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានគាំទ្រយុត្តាធិការរបស់តុលាការលើសំណុំរឿងរបស់លោក ឌូទើតេ ដោយបញ្ជាក់ពីសេចក្តីសម្រេចមុននេះដោយសភាមុនការជំនុំជម្រះ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥។ តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានអះអាងថា ខ្លួនមានសិទ្ធិអំណាចលើសំណុំរឿងនេះ៕
ប្រែសម្រួល ឈូក បូរ៉ា
