ឧបនាយករដ្ឋមន្រ្តី ស សុខា បញ្ជាឱ្យស្រាវជ្រាវ ដើម្បីឈានទៅចាប់ខ្លួនជនពាក់ព័ន្ធ បន្ទាប់ពីអធិការរងស្រុកស្ទឹងត្រង់ម្នាក់ ត្រូវក្មេងទំនើងចាក់ដែកឆាបចំផ្ទៃមុខ
ភ្នំពេញ ៖ លោក ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ស្នងការនគរបាលខេត្តកំពង់ចាម ត្រូវតែយកចិត្តទុកដាក់ស្រាវជ្រាវ ដើម្បីឈានទៅចាប់ខ្លួនជនពាក់ព័ន្ធចំពោះករណីរបស់ លោកវីរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរង នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយគ្មានការលើកលែង។
តាមរយៈលោក រ៉េន រតន អ្នកនាំពាក្យ លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ លោក បានជម្រាបជូនក្រុមគ្រួសារ លោកវីរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរង នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ព្រមទាំងសាធារណជន ឱ្យបានជ្រាបថា បន្ទាប់ពីទទួលបានព័ត៌មាន និងរបាយការណ៍ ស្ដីពីករណីលោកវរសេនីយ៍ទោ ម៉ាប់ សុផាត រងរបួសធ្ងន់ ក្នុងប្រតិបត្តិការបង្ក្រាបករណីក្មេងទំនើង កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្រ្តី ស សុខា មានក្ដីសង្វេគយ៉ាងពន់ពេក ចំពោះលោកវីរសេនីយ៍ទោ និងសូមចូលរួមរំលែកការឈឺចាប់របស់លោកវរសេនីយ៍ និងក្ដីទុក្ខព្រួយឥតគណនាបានជាមួយក្រុមគ្រួសាររបស់លោក។
ឋិតក្នុងវេលាប្រកបដោយក្ដីក្រៀមក្រំ និងការឈឺចាប់នេះ លោកឧបនាយករដ្ឋមន្រ្តី ស សុខា ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក ជាពិសេសគុណនៃមហាព្រហ្មវិហារធម៌នៃលោកអ្នកមានគុណរបស់លោកវរសេនីយ៍ទោ សូមជួយអភិបាលរក្សា និងប្រោះព្រំសាធុកាពរ ឱ្យលោកបានឆ្លងផុតពីគ្រោះថ្នាក់ធ្ងន់ធ្ងរនេះ ដើម្បីឆាប់បានជាសះស្បើយពីមុខរបួស និងការឈឺចាប់។
លោក រ៉េន រតនៈ ក៏សូមជម្រាបជូនដែរថា ចំពោះក្រុមជនបង្ក និងអ្នកពាក់ព័ន្ធ លោកឧបនាយករដ្ឋមន្ត្រី បានតាមដានករណីនេះយ៉ាងយកចិត្តទុកដាក់បំផុត ហើយក្នុងវេលានេះ លោកសូមជម្រាបជូនបន្ថែមថា លោកឧបនាយករដ្ឋមន្រ្តី បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ជូន នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ដែលមានលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកំពង់ចាម ជាសេនាធិការ ត្រូវតែយកចិត្តទុកដាក់ស្រាវជ្រាវឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីឈានទៅចាប់ខ្លួនជនពាក់ព័ន្ធករណីនេះ យកមកអនុវត្តនីតិវិធី បញ្ជូនទៅតុលាការដោយគ្មានការលើកលែង ជាមួយជនបង្ក និងអ្នកពាក់ព័ន្ធដែលសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់រួចមកហើយនោះ៕
សូមរំលឹកថា អធិការរងស្រុកស្ទឹងត្រង់ម្នាក់ បានរងរបួសធ្ងន់ធ្ងរដេកដួលក្នុងថ្លុកឈាម ដោយសារតែក្មេងទំនើងចាក់ដោយដែកឆាបចំផ្ទៃមុខពីរកន្លែង ពេលចុះបង្ក្រាបករណីក្មេងទំនើងវាយតប់គ្នា នៅកម្មវិធីប្រដាល់គុនខ្មែរ នៅក្នុងមូលដ្ឋាន នាយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦៕
