ព័ត៌មានជាតិ

អនុប្រធានាធិបតីសហរដ្ឋអាមេរិក JD Vance និងប្រធានសភាអ៊ីរ៉ង់ Mohammad Bagher Ghalibaf នឹងអវត្តមានពីកិច្ចចរចាជុំទីពីរ

បរទេស៖ បន្ទាប់ពីជាប់គាំងអស់រយៈពេលជាច្រើនថ្ងៃ សហរដ្ឋអាមេរិកបានបញ្ជាក់ថា លោក Steve Witkoff និងលោក Jared Kushner នឹងធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថាននៅថ្ងៃសៅរ៍សម្រាប់កិច្ចចរចាជុំថ្មីជាមួយអ៊ីរ៉ង់។

យោងតាមសារព័ត៌មាន NDTV ចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ថា លោកស្រី Karoline Leavitt លេខាធិការព័ត៌មានរបស់សេតវិមានបានប្រាប់ Fox News កាលពីថ្ងៃសុក្រថា “ខ្ញុំអាចបញ្ជាក់បានថា លោក Witkoff និងលោក Jared Kushner នឹងធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថានម្តងទៀតនៅព្រឹកស្អែកដើម្បីចូលរួមកិច្ចចរចា ជាមួយតំណាងមកពីគណៈប្រតិភូអ៊ីរ៉ង់”។

លោកស្រីបាននិយាយថា “អ៊ីរ៉ង់បានទាក់ទងមក ដូចដែលប្រធានាធិបតីអាមេរិកបានអំពាវនាវឱ្យពួកគេធ្វើ ហើយបានស្នើសុំឱ្យមានការសន្ទនាផ្ទាល់នេះ”។

លោកស្រី Leavitt បានបន្ថែមថា អ្នកគ្រប់គ្នានឹងត្រៀមខ្លួនធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថានប្រសិនបើចាំបាច់ ប៉ុន្តែដំបូងឡើយ ជំនួយការកំពូលទាំងនេះនឹងទៅទីនោះ ហើយរាយការណ៍អំពីស្ថានភាពនេះទៅកាន់ប្រធានាធិបតីអាមេរិក លោក Donald Trump និងអនុប្រធានាធិបតី លោក JD Vance។

លោក Steve Witkoff បេសកជនពិសេសរបស់សហរដ្ឋអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ា និងលោក Jared Kushner ដែលជាកូនប្រសាររបស់លោក Trump គឺជាចំណុចកណ្តាលនៃកិច្ចចរចាជុំទីមួយដែលបានធ្វើឡើងនៅប្រទេសប៉ាគីស្ថាននៅថ្ងៃទី ១១ និង ១២ ខែមេសា។

ទាំងអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance និងលោក Mohammad Bagher Ghalibaf ដែលជាមេដឹកនាំក្រុមចរចាអ៊ីរ៉ង់នៅក្នុងកិច្ចចរចាជុំទីមួយ នឹងអវត្តមានពីកិច្ចចរចាជុំទីពីរ។

ប្រែសម្រួលៈ ណៃ តុលា

To Top