សម្ដេចធិបតី ឱ្យសិក្សាផ្នែកច្បាប់ ឈប់យកក្រុមក្មេងទំនើង ដែលចាប់បាន អប់រំនៅពន្ធនាគារ ឱ្យទៅបម្រើការនៅសមរភូមិមុខ
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់ការណែនាំ ឱ្យរដ្ឋមន្ត្រី កើត រិទ្ធ និងអ្នកពាក់ព័ន្ធ សិក្សាផ្នែកច្បាប់ ក្នុងការ ប្រមូលយកយកក្រុមក្មេងទំនើង បង្កអនាធិបតី ក្នុងតំបន់ ហើយត្រូបានឃាត់ខ្លួន យកទៅឱ្យបម្រើការងារ នៅសមរភូមិមុខ ដោយមិនអប់រំក្នុងពន្ធនាគារទៀតឡើយ ។
ក្នុងឱកាសអញ្ជើញជាអធិបតី លើកទី៣ ក្នុងពិធីសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យរដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ និងផ្នែកពាក់ព័ន្ធសិក្សាផ្នែកច្បាប់ គិតគូពីបញ្ហាក្មេងទំនើង ខណៈដែលសម្តេចសង្កេតឃើញថា មានការងើបឡើងវិញ ក្រោយពីស្ងប់ស្ងាត់អស់មួយរយៈ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ” ខ្ញុំចង់ឱ្យឯកឧត្តម កើត រិទ្ធ, ឯកឧត្តម ស ថេត, ឯកឧត្តម វង្ស ពិសេន សិក្សាផ្លូវច្បាប់ឱ្យខ្ញុំ ពាក់ព័ន្ធនឹងក្មេងទំនើង ។ ឥឡូវយើងចាប់ដាក់គុក អស់តែបាយ ហើយចេញមក ខ្លះកែ ខ្លះមិនកែ មិនបាច់ទៅដល់រុញទៅជួលមុខទេ ឱ្យគិតគូពីការប្រើប្រាស់ ការអប់រំ កម្រិតណា ដើម្បីអាចភ្ជាប់ដល់ការបម្រើសមរភូមិមុខ មិនបាច់យកទៅកាន់កាំភ្លើងបាញ់ទេ យកទៅធ្វើតែចាក់ពុំលេណដ្ឋាន ចាក់ពុំផ្សេងៗជាដើម ដើម្បីជួយដល់កងវិស្វកម្មទៅ” ។
ក្នុងនោះសម្តេចធិបតី បញ្ជាក់ថា ការយកទៅបម្រើការងារជូនប្រទេសជាតិ នូវសមរភូមិ គឺជាការអប់រំ ហើយការអប់រំនេះទៀតសោត ជាជាងការដាក់ក្នុងពន្ធនាគារ ដែលមិនធ្វើអ្វីបម្រើដល់ផលប្រយោជន៍ ដល់សង្គម ជាតិនោះឡើយ ។
បន្ថែមលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មី ទៅកាន់លោក កើត រិទ្ធ ដែលជាអ្នកជំនាញខាងច្បាប់ ជាមួយអគ្គស្នងការនគរបាលជាតិ និងអគ្គបញ្ជាការកងយោធលខេមរភូមិន្ទ សិក្សាទៅលើការដាក់ទៅពី៣ខែ ឬ៦ខែ តាមទម្ងន់ទោស ដើម្បីឱ្យដឹងថា យុវជនដូចគ្នា ខណៈទាហាន កំពុងឈរជើងប្រឈមនឹងគ្រោះថ្នាក់ នៅសមរភូមិជួរមុខ ស្របពេលយុវជននៅជួរក្រោយ ដែលមានឱកាស មានសេរីភាព ដើររញ៉េរញ៉ៃ កាប់ចាក់បំផ្លាញ ដល់ប្រទេសជាតិទៅវិញ៕
