ព័ត៌មានអន្តរជាតិ

យោធាអាមេរិក​ អះអាងថា ការបិទផ្លូវអ៊ីរ៉ង់នៅតែបន្តអនុវត្តយ៉ាងពេញលេញ

វ៉ាស៊ីនតោន៖ កងកម្លាំងយោធាអាមេរិក​ បន្តអនុវត្តទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងអនុវត្តយ៉ាងពេញលេញនូវការបិទផ្លូវប្រឆាំងនឹងកប៉ាល់ដែលចូល ឬចាកចេញពីកំពង់ផែអ៊ីរ៉ង់​។

នៅក្នុងការបង្ហោះមួយនៅលើ X បញ្ជាការកណ្តាលអាមេរិកបានឧ្យដឹងថា កប៉ាល់ចំនួន ៣៧គ្រឿងត្រូវបានប្តូរទិសដៅចាប់តាំងពីការចាប់ផ្តើមនៃការបិទផ្លូវ ដោយកត់សម្គាល់ថា កប៉ាល់ពាណិជ្ជកម្មមួយគ្រឿងឈ្មោះ Sevan ដែលត្រូវបានស្ទាក់ចាប់នៅក្នុងសមុទ្រអារ៉ាប់កាលពីព្រឹកថ្ងៃសៅរ៍​ ដោយកងកម្លាំងអាមេរិក បច្ចុប្បន្នកំពុង “គោរពតាមការណែនាំរបស់យោធាអាមេរិក​ ក្នុងការបង្វែរត្រឡប់ទៅអ៊ីរ៉ង់វិញក្រោមការអមដំណើរ”។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃទី១២​ ខែមេសាថា កងទ័ពជើងទឹកអាមេរិក​ នឹងចាប់ផ្តើមរារាំងកប៉ាល់ដែលព្យាយាមចូល ឬចាកចេញពីច្រកសមុទ្រ ហ័រមូស។

ការសម្រេចចិត្តរបស់លោកបានកើតឡើងបន្ទាប់ពីកិច្ចចរចាជុំទីមួយរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅថ្ងៃទី១១ និង១២ ខែមេសា នៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន បានបរាជ័យក្នុងការសម្រេចបានកិច្ចព្រមព្រៀងសន្តិភាព។

ដើម្បីឆ្លើយតបទៅនឹងការប្រកាសរបស់លោក​ ត្រាំ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានព្រមានថា “ការគំរាមកំហែងណាមួយប្រឆាំងនឹងសន្តិសុខនៃច្រកសមុទ្រហ័រមូស នឹងមានផលវិបាកទ្រង់ទ្រាយធំ​ សម្រាប់ពាណិជ្ជកម្មសកល”។

នៅថ្ងៃសៅរ៍ ទីបញ្ជាការយោធាសំខាន់របស់អ៊ីរ៉ង់ គឺទីស្នាក់ការកណ្តាល Khatam al-Anbiya បានបញ្ជាក់ជាថ្មីនូវការសន្យារបស់ខ្លួនក្នុងការប្រតិកម្ម ប្រសិនបើសហរដ្ឋអាមេរិក​ បន្ត “ការបិទផ្លូវ ការប្លន់ និងដេីរតួជាចោរសមុទ្រ” នៅក្នុងតំបន់អាស៊ីខាងលិច៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top