ថ្នាក់ដឹកនាំមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងក្រុងព្រះវិហារ រៀបចំពិធីសាសនាខ្នាតធំដើម្បីសុំសេចក្តីសុខ និងរំងាប់ឧបទ្រពចង្រៃ
ខេត្តព្រះវិហារ ៖ នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះ លោក ឆាត សួន ចៅសង្កាត់ប៉ាលហាល បានដឹកនាំរៀបចំពិធីសាសនា និងកិច្ចបែបបុរាណដ៏ឱឡារិកមួយ ដើម្បីបួងសួងសុំសេចក្តីសុខសប្បាយ និងសិរីសួស្តីជូនដល់ប្រជាពលរដ្ឋដែលរស់នៅ និងធ្វើដំណើរឆ្លងកាត់ក្នុងមូលដ្ឋានសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។
ពិធីនេះត្រូវបានរៀបចំឡើងយ៉ាងក្បោះក្បាយតាមគន្លងប្រពៃណីខ្មែរ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេភូមិ អនុភូមិ ប្រជាការពារ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ស្ថិតនៅក្នុងពិធីនោះដែរ លោក ពិសិត ដែលជាប្រជាពលរដ្ឋនៅរស់បានអញ្ជើញចូលរួមនៅក្នុងកម្មវិធីបានមានប្រសើរដឹងថា៖ កិច្ចសាសនា និងការរំងាប់ឧបទ្រព ចង្រៃ កម្មវិធីបានចាប់ផ្តើមនៅវេលាម៉ោង ១:៤៥ នាទីរសៀល ជាមួយនឹងពិធីនិមន្តព្រះសង្ឃចំនួន ១០ អង្គ ដើម្បីសូត្រមន្តចម្រើនព្រះបរិត្ត និងប្រោសព្រំទឹកមន្តសិរីសួស្តី។ ចំណុចសំខាន់នៃពិធីនេះ គឺការធ្វើ កិច្ចរំងាប់ក្លែងស្លាប់ ដែលជាជំនឿបុរាណមួយសម្រាប់រំដោះគ្រោះ និងរំងាប់រាល់ឧបទ្រពចង្រៃទាំងឡាយដែលកើតមាន ក្នុងគោលបំណងប្តូរគ្រោះអាក្រក់មកជាលាភសំណាងវិញ។
លោក ពិសិត បានបន្តថា៖ បើតាមជំនឿអរូបី និងការឧទ្ទិសដល់អ្នកតាថែរក្សាទឹកដី បន្ទាប់ពីកិច្ចតាមបែបព្រះពុទ្ធសាសនា នៅវេលាម៉ោង ៣:០០ នាទីរសៀល កម្មវិធីបានបន្តទៅដល់ពិធីបែបព្រហ្មញ្ញសាសនា និងជំនឿតាមស្រុកភូមិ គឺការបញ្ជាន់រូបមេមត់ ដើម្បីអញ្ជើញបារមីអ្នកតាម្ចាស់ទឹកម្ចាស់ដីដែលថែរក្សានៅទីកន្លែងនោះមកសក្ការៈ។
ជាមួយគ្នានោះដែរ ក៏មានការរៀបចំសាងសង់ខ្ទមសម្រាប់បន់ស្រន់ទុកជាទីសក្ការៈសម្រាប់បងប្អូនប្រជាពលរដ្ឋជិតឆ្ងាយដែលធ្វើដំណើរឆ្លងកាត់ក្នុងតំបន់នេះ បានចូលមកបន់ស្រន់សុំសេចក្តីសុខតាមសេចក្តីជ្រះថ្លា។
ដូចគ្នានេះដែរ តាមប្រសាសន៍របស់ លោក ឆាត សួន ចៅសង្កាត់ប៉ាលហាល បានបញ្ជាក់ថា៖ ការរៀបចំពិធីនេះឡើង មិនត្រឹមតែដើម្បីសុំសេចក្តីសុខក្នុងមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបួងសួងជារួមជូនដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ឱ្យជួបតែសេចក្តីសុខ សុភមង្គល និងចៀសផុតពីគ្រោះថ្នាក់ផ្សេងៗ ជាពិសេសអ្នកដែលបានធ្វើដំណើរ ឆ្លងកាត់ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។
លោកចៅសង្កាត់បានបន្តថា៖ ពិធីនេះបានបង្ហាញឱ្យឃើញពីការរួមសាមគ្គីគ្នាយ៉ាងជិតស្និទ្ធរវាងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ក្នុងការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងការបង្កើនស្មារតីសន្តិភាពផ្លូវចិត្តក្នុងសហគមន៍៕
ដោយ៖ សួន ពិសិត| ដើមអម្ពិល
