លោក ខូយ រីដា ដឹកនាំក្រុមការងារមន្ត្រីជំនាញ ចុះពិនិត្យការងារ រុះរើសំណង់នៅតាមបណ្តោយច្រាំងស្ទឹងពោធិ៍សាត់ ដើម្បីរៀបចំសណ្តាប់ធ្នាប់
ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារមន្ត្រីជំនាញ ចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពការងាររុះរើសំណង់ផ្សេងៗ នៅតាមបណ្តោយច្រាំងស្ទឹងពោធិ៍សាត់ (ចាប់ពីចំណុចស្ពានថ្មថ្មីមុខសាលាខេត្ត រហូតដល់ស្ពានដែក) ក្នុងគោលបំណងរៀបចំសណ្តាប់ធ្នាប់ និងជំរុញការកែលម្អសោភណភាពក្រុងឱ្យកាន់តែមានភាពទាក់ទាញ និងស្រស់បំព្រង។

ក្នុងឱកាសនោះ លោក ខូយ រីដា បានពិនិត្យមើលស្ថានភាពជាក់ស្តែងនៃដំណើរការរុះរើសំណង់ដែលប៉ះពាល់ដល់ចំណីស្ទឹង និងបានផ្តល់ការណែនាំដល់មន្ត្រីជំនាញឱ្យបន្តយកចិត្តទុកដាក់ខ្ពស់ លើបច្ចេកទេសរៀបចំ ដើម្បីធានាបាននូវសោភណភាព និងផាសុកភាពសម្រាប់បងប្អូនប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ថា ការរៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តោយច្រាំងស្ទឹងនេះ គឺជាកិច្ចការអាទិភាពមួយក្នុងការកែប្រែមុខមាត់ក្រុងពោធិ៍សាត់ ឱ្យក្លាយជាទីក្រុងដែលស្អាត មានបរិស្ថានល្អ និងជាកន្លែងសម្រាកកម្សាន្តដ៏សមរម្យសម្រាប់សាធារណជន។



អត្ថបទនេះ÷ រដ្ឋបាលខេត្តពោធិ៍សាត់
ខេម៉ា | ដើមអម្ពិល
