កងកម្លាំងពិសេសប្រទេសម៉ិកស៊ិក ចាប់ខ្លួនមេដឹកនាំក្រុមជួញដូរគ្រឿងញៀនដ៏មានឥទ្ធិពលម្នាក់ទៀត គឺ Audias Flores Silva
បរទេស៖ កងកម្លាំងពិសេសប្រទេសម៉ិកស៊ិកកាលពីថ្ងៃចន្ទបានចាប់ខ្លួនមេដឹកនាំក្រុមជួញដូរគ្រឿងញៀន Audias Flores Silva ដែលបង្កឱ្យមានការឆ្លើយតបដោយហិង្សា, នេះបើយោងតាមរបាយការណ៍របស់ Anadolu Ajansi (AA)។
យោងតាមសារព័ត៌មាន Bernama ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ថា លោក Flores Silva ដែលត្រូវបានគេស្គាល់ថា El Jardinero ត្រូវបានកំណត់អត្តសញ្ញាណកាលពីប៉ុន្មានខែមុនដោយចារកម្មម៉ិកស៊ិកថាជាអ្នកស្នងតំណែងរបស់លោក Nemesio Oseguera Cervantes ដែលត្រូវបានគេស្គាល់ជាទូទៅថា “El Mencho” ដែលជាមេដឹកនាំក្រុមជួញដូរគ្រឿងញៀនជំនាន់ថ្មីដ៏មានឥទ្ធិពលរបស់ Jalisco (CJNG) ដែលត្រូវបានសម្លាប់ដោយកងទ័ពម៉ិកស៊ិកនៅថ្ងៃទី ២២ ខែកុម្ភៈ។
បន្ទាប់ពីការចាប់ខ្លួនលោក Flores Silva ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់មិកស៊ិកបានរាយការណ៍ពីការដុតបំផ្លាញយានយន្ត និងអាជីវកម្មនៅ Nayarit និង Jalisco ដែលជាទីតាំងរឹងមាំរបស់ក្រុមជួញគ្រឿងញៀន CJNG។
អំពើហិង្សាត្រូវបានរាយការណ៍នៅក្នុងក្រុងយ៉ាងហោចណាស់ចំនួនប្រាំមួយ ដែលអាជ្ញាធរបានណែនាំប្រជាពលរដ្ឋឱ្យស្នាក់នៅក្នុងផ្ទះរបស់ពួកគេ។ មិនទាន់មានរបាយការណ៍អំពីរបួសណាមួយនៅឡើយទេ។
យោងតាមសេចក្តីថ្លែងការណ៍រួមដែលចេញដោយកងទ័ពជើងទឹកម៉ិកស៊ិក លេខាធិការដ្ឋានសន្តិសុខ និងការិយាល័យអគ្គរដ្ឋអាជ្ញា, លោក Flores Silva ត្រូវបានឃុំខ្លួន គឺព្យាយាមរត់គេចខ្លួនតាមបំពង់បង្ហូរទឹកនៅផ្ទះសុវត្ថិភាពរបស់គាត់នៅ Nayarit ដែលជារដ្ឋឆ្នេរសមុទ្រមួយនៅភាគខាងលិចប្រទេសម៉ិកស៊ិក។
ទីភ្នាក់ងារសន្តិសុខម៉ិកស៊ិក ដែលមានការគាំទ្រពីភ្នាក់ងារស៊ើបការណ៍សម្ងាត់ពីទីភ្នាក់ងារសហរដ្ឋអាមេរិក បានតាមដានចលនារបស់គាត់អស់រយៈពេល ១៩ ខែ មុនពេលចាប់ខ្លួនគាត់នៅក្នុងសហគមន៍តូចមួយនៃ El Mirador៕
ប្រែសម្រួលៈ ណៃ តុលា
