ប្រមុខការទូតកម្ពុជា អរគុណដល់ប្រទេសសមាជិកអាស៊ាន និងសហភាពអឺរ៉ុប ចំពោះការគាំទ្របទឈប់បាញ់រវាង កម្ពុជា-ថៃ
ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអរគុណដល់ប្រទេសសមាជិកអាស៊ាន និងសហភាពអឺរ៉ុប ចំពោះការគាំទ្រដល់បទឈប់បាញ់រវាងកម្ពុជា និងថៃ ក៏ដូចជា កិច្ចខិតខំប្រឹងប្រែងបន្តឆ្ពោះទៅ រកដំណោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។
នេះបើយោងតាមលទ្ធផល នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៥ ចេញផ្សាយដោយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ក្នុងទិដ្ឋភាពពិភពលោកកាន់តែស្មុគស្មាញ ហើយត្រូវបានកត់សម្គាល់ដោយការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងការកើតឡើងវិញនៃជម្លោះប្រដាប់អាវុធនៅក្នុងផ្នែកជាច្រើននៃពិភពលោក, ប្រមុខការទូតកម្ពុជា បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ជាពិសេសការគោរពអធិបតេយ្យ និងបូរណភាព ការចៀសវាងនូវការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។ គោលការណ៍ដូចគ្នានេះ គឺជាមូលដ្ឋាននៃជំហរ និងការគោរពរបស់កម្ពុជាពាក់ព័ន្ធនឹងស្ថានភាពនៅតាមបណ្តោយព្រំដែនជាមួយប្រទេសថៃ។
សូមរំលឹកថា តបតាមការអញ្ជើញរបស់លោក ដាតុ អឺរីវ៉ាន់ ពើហ៊ុន យូសូហ្វ រដ្ឋមន្ត្រីការបរទេសទី២ នៃព្រុយណេដា រូស្សាឡាម ក្នុងនាមជាប្រទេសសម្របសម្រួលនៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៥ នៅថ្ងៃទី២៧-២៨ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីបានដាស៊េរីបេហ្គាវ៉ាន់៕
