ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង អំពាវនាវអោយអ្នកបើកបរទាំងរថយន្តតូចនិងរថយន្តធំ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា
បាត់ដំបង៖ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦នេះ លោកព្រួញ រិទ្ធថា ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារលើកំណាត់ផ្លូវហៃវេ ដែលជាចំណុចតំបន់គ្រោះថ្នាក់បំផុត។

ក្នុងដំណើរអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារត្រង់ចំណុចគល់ស្ពានបំបែកផ្លូវកំពង់ពិល នាឱកាសនោះដែរ លោក ព្រួញ រិទ្ធថា បានស្នើរទៅដល់ពុកម៉ែ បងប្អូនដែលធ្វើដំណើរឆ្លងកាត់ស្ពានកំពង់ពិល ជិតផ្លូវបំបែកផ្លូវបាណន់ មិនថាអ្នកកាន់ចង្កូតទាំងឡានធំនិងឡានតូច សូមមេត្តាបន្ថយល្បឿន ព្រោះតាមការពិនិត្យជាក់ស្តែង រថយន្តមួយចំនួនគឺមិនមានការបន្ថយជើងនោះទេ ដូច្នេះសូមអ្នកបើកបរទាំងរថយន្តតូចនិងរថយន្តធំ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

លោកបានបញ្ជាក់ទៀតថា រយៈពេលប៉ុន្មានថ្ងៃមកនេះ ក្រុមការងារជំនាញកំពុងខិតខំក្នុងការគូសគំនូស និងដាក់ស្លាកសញ្ញាបន្ថែម ដើម្បីពញ្ញាក់ស្មារតីដល់អ្នកបើកបរអោយមានការប្រុងប្រយ័ត្នដោយសំគាល់ថា នៅខាងមុខជាតំបន់គ្រោះថ្នាក់ ។

បន្ថែមពីនេះ លោកក៏បានអំពាវនាវទៅដល់បងប្អូនដែលប្រើប្រាស់នៅលើផ្លូវនេះ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា មិនថាបងប្អូនធ្វើដំណើរទៅភ្នំពេញ ឬមកពីភ្នំពេញនោះទេ នូវពេលដែលមកដល់ទីនេះត្រូវពិនិត្យស្លាកសញ្ញាទាំងអស់គ្នា ពិសេសសូមទទូចអំពាវនាវហើយអំពាវនាវទៀត សូមមេត្តាពេលមកដល់ស្ពាននេះហើយសូមបន្ថយនិងត្រូវបើកបរក្នុងល្បឿនត្រឹមតែ ៤០ ឬ ៣០គីឡូម៉ែត្រក្នុងមួយម៉ោងបានហើយ ដើម្បីជៀសវាងកុំអោយកើតមានករណីគ្រោះថ្នាក់ចរាចរណ៍នៅចំណុចផ្លូវបំបែក។





អត្ថបទដោយ ៖ សុខ វិច្ឆ័យ/ បាត់ដំបង / ដើមអម្ពិល
រូបភាព៖ សុខ វិច្ឆ័យ
