ប្រធានាធិបតីរុស្សី និងប្រធានាធិបតីអាមេរិក ពិភាក្សាគ្នាតាមទូរស័ព្ទ រយៈពេលជាង៩០នាទី អំពីបញ្ហាជាច្រើន រួមទាំងជម្លោះអ៊ុយក្រែន និងវិបត្តិនៅឈូងសមុទ្រពែក្ស
បរទេស៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃពុធ បានជួបសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអាមេរិក លោក ដូណាល់ ត្រាំ ដែលក្នុងអំឡុងពេលនោះ មេដឹកនាំទាំងពីរបានពិភាក្សាអំពីបញ្ហានានា រួមទាំងជម្លោះអ៊ុយក្រែន និងវិបត្តិនៅឈូងសមុទ្រពែក្សផងដែរ, នេះបើយោងតាមជំនួយការ របស់វិមានក្រឹមឡាំង លោក យូរី យូសាកូវ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ថា ក្នុងអំឡុង ពេលសន្ទនា លោក ពូទីន បានសម្តែងការគាំទ្រ របស់លោកចំពោះលោក ត្រាំ ដោយសារតែការប៉ុនប៉ងចុងក្រោយ លើជីវិតរបស់ប្រធានាធិបតីអាមេរិក នៅឯពិធីជប់លៀង អ្នកឆ្លើយឆ្លងព័ត៌មានសេតវិមាន កាលពីថ្ងៃសៅរ៍។ លោក យូសាកូវ បានប្រាប់អ្នកសារព័ត៌មានថា មេដឹកនាំរុស្ស៊ី «បានថ្កោលទោសយ៉ាងខ្លាំង» ចំពោះឧប្បត្តិហេតុនេះ ដោយគូសបញ្ជាក់ថា «អំពើហិង្សានយោបាយគឺមិនអាចទទួលយកបានក្នុងទម្រង់ណាមួយឡើយ» ។
ប្រធានាធិបតីរុស្ស៊ី បានគាំទ្រ ការសម្រេចចិត្តរបស់លោក ត្រាំ ក្នុងការពង្រីកបទឈប់បាញ់ជាមួយអ៊ីរ៉ង់ ដោយព្រមានប្រឆាំង នឹងអរិភាពឡើងវិញ រវាងភាគីអាមេរិក-អ៊ីស្រាអែល និងទីក្រុងតេហេរ៉ង់ ។ យោងតាមលោក យូសាកូវ គឺលោក ពូទីន បាននិយាយថា ទីក្រុងមូស្គូបានត្រៀមខ្លួន រួចជាស្រេចដើម្បីសម្របសម្រួលក្នុង ការប្រឈមមុខដាក់គ្នា និងរក្សាទំនាក់ទំនងជាមួយគ្រប់ភាគីទាំងអស់។
ជំនួយការរបស់វិមានក្រឹមឡាំង បាននិយាយថា លោក ពូទីន និង លោក ត្រាំ ក៏បានពិភាក្សាយ៉ាងទូលំទូលាយអំពីជម្លោះអ៊ុយក្រែន និងកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់អរិភាព។ មន្ត្រីរូបនោះបានបន្ថែមថា ប្រធានាធិបតីទាំងពីរ «បានសម្តែងការវាយតម្លៃ ស្រដៀងគ្នាអំពីឥរិយាបថ របស់របបគៀវដែលដឹកនាំដោយលោក វ្ល៉ាឌីមៀ ហ្សេលេនស្គី» ដែលត្រូវបាន «ញុះញង់ និងគាំទ្រដោយជនជាតិអឺរ៉ុប» ដើម្បីអូសបន្លាយជម្លោះក្នុងតម្លៃណាក៏ដោយ» ។
ក្នុងអំឡុងពេល នៃការសន្ទនា ដែលមានរយៈពេលជាង ៩០ នាទី និងត្រូវបានផ្តួចផ្តើមឡើង ដោយភាគីរុស្ស៊ី មេដឹកនាំអាមេរិក បានសរសើរ ចំពោះបទឈប់បាញ់បុណ្យ Easter ដែលបានប្រកាសថ្មីៗនេះដោយទីក្រុងមូស្គូ ។ លោក យូសាកូវ បាននិយាយថា លោកពូទីន បានស្នើឱ្យប្រកាសបទឈប់បាញ់បណ្តោះអាសន្ន ជាមួយទីក្រុងគៀវក្នុងអំឡុងពេលប្រារព្ធទិវាជ័យជំនះនាពេលខាងមុខ។
