ព័ត៌មានជាតិ

កម្មករនិយោជិតពេញចិត្តវេទិកា នៃកិច្ចសន្ទនាសង្គមអបអរសាទរទិវាពលកម្មអន្តរជាតិ ១ឧសភាជាមួយរដ្ឋាភិបាល ព្រោះជាវិធីសាស្ត្រលឿនរហ័សក្នុងការដាក់សំណើរនិងសំណូមពរផ្សេងៗជាងការហែរក្បួនដាក់ញត្តិ

ភ្នំពេញ៖ កម្មករនិយោជិត សហជីព កសិករ រួមជាមួយសមាគម និងអង្គការសង្គមស៊ីវិល ប្រមាណជាង ១ពាន់នាក់ បង្ហាញការពេញចិត្តក្នុងការចូលរួមវេទិកានៃកិច្ចសន្ទនាសង្គមអបអរសាទរទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ ជាមួយរាជរដ្ឋាភិបាលព្រោះវេទិកានេះអាចជួយឱ្យកម្មករនិយោជិត និងកសិករ អាចបង្ហាញពីសំណើរ និងសំណូមពរ បានលឿនរហ័សទៅដល់រាជរដ្ឋាភិបាលជាងការហែរក្បួនដាក់ញត្តិឬឆ្លើយឆ្លងតាមប្រព័ន្ធផ្សព្វផ្សាយ។

លោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជា បានលើកឡើងថា វេទិការនៃកិច្ចសន្ទនាសង្គមនេះ បានបើកឱកាសដល់និយោជក សហជីព និងអង្គការសង្គមស៊ីវិល ជួបពិភាក្សាគ្នាដោយផ្ទាល់ក្នុងការផ្លាស់ប្តូរទស្សនៈ និងដាក់ចេញអនុសាសន៍គោលនយោបាយស្វែងរកដំណោះស្រាយលើបញ្ហាប្រឈម ដែលកម្មករ កសិករកំពុងជួបប្រទះពាក់ព័ន្ធសិទ្ធិការងារ សេរីភាពសហជីព ប្រាក់ឈ្នួលសមរម្យ សុវត្ថិភាព សុខភាពការងារ និងពង្រីកកិច្ចគាំពារសង្គម។ មិនតែប៉ុណ្ណោះ កម្មករនិយោជិត និងកសិករ ក៏អាចលើកពីសំណូមពរ និងសំនួរផ្សេងៗដោយផ្ទាល់បានផងដែរ។

លោកបញ្ជាក់ថា៖«វេទិកានេះ គឺជាលំហរួមសម្រាប់រដ្ឋាភិបាល សហជីព និយោជក កម្មករ កសិករ និងភាគីពាក់ ព័ន្ធទាំងអស់ ចូលរួមពិភាក្សា និងស្វែងរកដំណោះស្រាយរួមពាក់ព័ន្ធនឹងសិទ្ធិការងារ ប្រាក់ឈ្នួលសមរម្យ សុវត្ថិភាពការងារ ការពង្រីកគាំពារសង្គម និងវិធានការឆ្លើយតបវិបត្តិសកល»។

អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកានោះ លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញក្តីរីករាយ និងអរគុណដល់បងប្អូនកម្មករនិយោជិត សហជីព កសិករ សង្គមស៊ីវិល និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានជ្រើសរើសវិធីសាស្ត្រលឿនរហ័ស និងមានប្រសិទ្ធិភាពក្នុងការជួបជុំពិភាក្សាគ្នានៅថ្ងៃនេះ ប្រសើរជាងការដើរដាក់លិខិត ឬឆ្លើយឆ្លងតាមប្រព័ន្ធផ្សព្វផ្សាយ។

លោករដ្ឋមន្ត្រីថ្លែងថា៖ «អ្វីដែលបងប្អូនរៀបចំវេទិកាសាធារណៈថ្ងៃនេះ គឺប្រាកដជាចង់ឱ្យបានសំឡេង ចង់ឱ្យបានសំណូមពររបស់បងប្អូននេះលឺដល់រដ្ឋាភិបាល ហើយប្រគល់ញត្តិ ប្រគល់សំណើរ ប្រគល់សំណូមពរហ្នឹង ឱ្យបានលឿន ចឹងវិធីដែលលឿន ប្រហែលមិនចាំបាច់ដើរកាត់រង្វង់មូលអីច្រើនទេ យើងមកកន្លែងនេះ ជួបជុំគ្នា បើថាត្រូវឆ្ងល់អី សួរគ្នាត្រង់ៗតែម្តង»។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្រសួងការងារនឹងទទួលសំណើរ សំណូមពរ ឬបណ្តឹងរបស់បងប្អូនកម្មករនិយោជិតដើម្បីរកដំណោះស្រាយលឿនរហ័សទាន់ពេលវេលា មិនថាបងប្អូនប្រកបការងារក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធក៏ដោយឱ្យតែមានបញ្ហាពាក់ព័ន្ធនឹងលក្ខខណ្ឌការងារ ក៏ដូចជាអត្ថប្រយោជន៍។

សូមជម្រាបជូនថា វេទិកានៃកិច្ចសន្ទនាសង្គមជាមួយរាជរដ្ឋាភិបាលបានធ្វើឡើងនៅមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ រៀបចំដោយ សហភាពការងារកម្ពុជា (CLC) សហភាពចលនាកម្មករកម្ពុជា (CCW) សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) រួមជាមួយសហជីព សមាគម កម្មករ កសិករ និងអង្គការសង្គមស៊ីវិល នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រនាព្រឹកថ្ងៃទី១ ខែឧសភានេះ ធ្វើឡើងក្រោមប្រធានបទ “គោលនយោបាយឆ្លើយតប គាំពារសង្គម សិទ្ធិការងារ និងវិបត្តិសកល” ដោយមានអ្នកចូលរួមជាង ១ពាន់នាក់៕

To Top