រដ្ឋមន្ត្រីការបរទេសរុស្សី និងអ៊ីរ៉ង់ ពិភាក្សាគ្នាអំពីសេរីភាពនៃការធ្វើនាវាចរ ព្រមទាំងបញ្ហាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ងផង
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Seyed Abbas Araghchi កាលពីថ្ងៃសុក្រ ដោយផ្លាស់ប្តូរទស្សនៈស្តីពីសេរីភាពនៃការធ្វើនាវាចរណ៍ និងបញ្ហាជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
ក្រសួងបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ភាគីទាំងពីរបានបន្តផ្លាស់ប្តូរទស្សនៈយ៉ាងហ្មត់ចត់លើការរំពឹងទុកសម្រាប់ការបញ្ចប់អរិភាពទាំងស្រុង ស្ថិរភាពយោធា និងស្ថានការណ៍នយោបាយនៅមជ្ឈិមបូព៌ាផងដែរ។
រុស្ស៊ីបានអះអាងជាថ្មីនូវការគាំទ្ររបស់ខ្លួន ចំពោះកិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលដែលកំពុងបន្ត និងការត្រៀមខ្លួនរបស់ខ្លួនក្នុងការគាំទ្រយ៉ាងពេញទំហឹងដល់ដំណើរការនយោបាយ និងការទូត ដើម្បីឈានដល់កិច្ចព្រមព្រៀងប្រកបដោយនិរន្តរភាព សំដៅបង្កើតសន្តិភាពយូរអង្វែងនៅក្នុងតំបន់។
ក្រសួងបានបន្ថែមថា រដ្ឋមន្ត្រីក៏បានពិភាក្សាផងដែរអំពីការឆ្លងកាត់នាវារុស្ស៊ី និងទំនិញឆ្លងកាត់ច្រកសមុទ្រ Hormuz ៕
ប្រែសម្រួល៖ស៊ុនលី
