ព័ត៌មានអន្តរជាតិ

អឺរ៉ុប​ រិះគន់ផែនការរបស់លោក ត្រាំ ក្នុងការដាក់ពន្ធ ២៥%លើរថយន្តអឺរ៉ុប​ ថាមិនអាចទទួលយកបាន​ ហេីយអាមេរិកជាដៃគូ​ មិនអាចទុកចិត្ដបាន

ប្រ៊ុចសែល៖​ ការគំរាមកំហែងពន្ធថ្មីបំផុតរបស់លោកប្រធានាធិបតីអាមេរិកលោក​ ដូណាល់​ ត្រាំ ប្រឆាំងនឹងសហភាពអឺរ៉ុប គឺមិនអាចទទួលយកបាននោះទដ ហើយបង្ហាញថាទីក្រុងវ៉ាស៊ីនតោន​ គឺជាដៃគូដែលមិនអាចទុកចិត្តបាន នេះបើតាមលោក Bernd Lange ប្រធានគណៈកម្មាធិការពាណិជ្ជកម្មរបស់សភាអឺរ៉ុប។

លោកបានលេីកឡេីងថា សហភាពអឺរ៉ុប និងសភាអឺរ៉ុបកំពុងគោរពកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលសម្រេចបានជាមួយសហរដ្ឋអាមេរិកនៅស្កុតឡែនកាលពីឆ្នាំមុន ហើយកំពុងធ្វើការលើច្បាប់ដើម្បីអនុវត្តវា។

លោកបានបន្ដថា “យើងកំពុងរៀបចំសេចក្តីព្រាងច្បាប់នេះ។ យើងមានជំហរសភា ហើយមានគោលបំណងបញ្ចប់រឿងនេះនៅក្នុងខែមិថុនាខាងមុខ”។

ការកត់សម្គាល់របស់លោកបានកើតឡើងបន្ទាប់ពីការគំរាមកំហែងចុងក្រោយរបស់លោក ត្រាំ ដែលថាលោកនឹងដំឡើងពន្ធដល់ ២៥ភាគរយលើរថយន្ត និងឡានដឹកទំនិញដែលនាំចូលពីសហភាពអឺរ៉ុប​ ចាប់ពីសប្តាហ៍ក្រោយ ដោយចោទប្រកាន់ប្លុកនេះថាមិនបានអនុវត្តតាមកិច្ចព្រមព្រៀង។

លោកបានបន្ថែមថា សហរដ្ឋអាមេរិកបានរំលោភលើកិច្ចព្រមព្រៀងនេះម្តងហើយម្តងទៀត រួមទាំងការដាក់ពន្ធលើផលិតផលជាង ៤០០ មុខដែលមានផ្ទុកដែកថែប និងអាលុយមីញ៉ូម។​ លោកបានបញ្ជាក់ថា​ ផលិតផលទាំងនោះឥឡូវនេះត្រូវទទួលរងពន្ធជាមធ្យម ២៦ ភាគរយ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top