ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប រក្សាជម្រើសបើកចំហរ​ប្រសិនបើសហរដ្ឋអាមេរិក​ បំពានកិច្ចព្រមព្រៀងពាណិជ្ជកម្ម

ប្រ៊ុចសែល៖ អ្នកនាំពាក្យគណៈកម្មការអឺរ៉ុបបានឧ្យដឹងថា​ សហភាពអឺរ៉ុប នឹងរក្សាជម្រើសបើកចំហ​ ដើម្បីការពារផលប្រយោជន៍របស់ខ្លួន ប្រសិនបើសហរដ្ឋអាមេរិកចាត់វិធានការ​ ដែលមិនស្របនឹងសេចក្តីថ្លែងការណ៍រួមរវាងភាគីទាំងពីរដែលបានចុះហត្ថលេខាកាលពីឆ្នាំមុន​ លើពាណិជ្ជកម្មទៅវិញទៅមក យុត្តិធម៌ និងមានតុល្យភាព។

អ្នកនាំពាក្យរូបនេះបានលេីកឡេីងថា «យើងនៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹង​ ចំពោះទំនាក់ទំនងអន្តរអាត្លង់ទិក​ ដែលអាចព្យាករណ៍បាន និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ប្រសិនបើសហរដ្ឋអាមេរិកចាត់វិធានការដែលមិនស្របនឹងសេចក្តីថ្លែងការណ៍រួម យើងនឹងរក្សាជម្រើសរបស់យើងឱ្យបើកចំហ​ ដើម្បីការពារផលប្រយោជន៍របស់សហភាពអឺរ៉ុប»។

ការកត់សម្គាល់នេះបានកើតឡើងបន្ទាប់ពីការគំរាមកំហែងចុងក្រោយរបស់លោក ត្រាំ​ កាលពីព្រឹកមិញនេះថា លោកនឹងដំឡើងពន្ធដល់ ២៥ភាគរយលើរថយន្ត និងឡានដឹកទំនិញដែលនាំចូលពីសហភាពអឺរ៉ុប​ ចាប់ពីសប្តាហ៍ក្រោយ ដោយចោទប្រកាន់ប្លុកនេះថាមិនបានអនុវត្តតាមកិច្ចព្រមព្រៀង។

អ្នកនាំពាក្យរូបនេះបានបន្ដថា “សហភាពអឺរ៉ុបកំពុងអនុវត្តការប្តេជ្ញាចិត្តនៃសេចក្តីថ្លែងការណ៍រួមរបស់ខ្លួនស្របតាមការអនុវត្តច្បាប់ស្តង់ដារ ដោយធ្វើឱ្យរដ្ឋបាលសហរដ្ឋអាមេរិកទទួលបានព័ត៌មានពេញលេញ” ដោយបន្ថែមថា សហភាពអឺរ៉ុបរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសមភាគីសហរដ្ឋអាមេរិក ខណៈពេលដែលក៏កំពុងស្វែងរកភាពច្បាស់លាស់លើការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនក្រោមកិច្ចព្រមព្រៀងនេះផងដែរ។

អ្នកនាំពាក្យរូបនេះបានសំដៅទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសហភាពអឺរ៉ុប-សហរដ្ឋអាមេរិក​ ដែលសម្រេចបានកាលពីឆ្នាំមុន ដែលសហភាពអឺរ៉ុប​ នឹងផ្អាកពន្ធលើផលិតផលឧស្សាហកម្មទាំងអស់របស់សហរដ្ឋអាមេរិក និងណែនាំកូតាអត្រាពន្ធសម្រាប់ផលិតផលកសិ-ចំណីអាហារជាច្រើនប្រភេទរបស់សហរដ្ឋអាមេរិក​ ដែលចូលទៅក្នុងទីផ្សារសហភាពអឺរ៉ុប។ ជាថ្នូរវិញ សហរដ្ឋអាមេរិក​ នឹងអនុវត្តពន្ធនាំចូល ១៥ភាគរយលើទំនិញសហភាពអឺរ៉ុបភាគច្រើន៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top