ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំក្រសួងព័ត៌មានពង្រឹងការទូតព័ត៌មាន តាមគ្រប់យន្តការការងារ ដើម្បីចាប់យកឱកាសក្នុងការផ្សារភ្ជាប់ អ្នកសារព័ត៌មានក្នុងប្រទេសជាមួយអ្នកសារព័ត៌មាន ក្នុងតំបន់ និងលើសកលលោក។
តាមរយៈសារលិខិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣៣ ក្រោមប្រធានបទ «ការកសាងអនាគតមួយប្រកបដោយសន្តិភាព» ថ្ងៃទី៣ ឧសភា ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សម្តេចធិបតី បានណែនាំដល់ក្រសួងព័ត៌មានបន្តការរៀបចំច្បាប់និងលិខិតបទដ្ឋានគតិយុត្តបន្ថែមទៀត ដើម្បីពង្រឹងសណ្តាប់ធ្នាប់ សារព័ត៌មាន និងធានាបាននូវសន្តិសុខនិងសុវត្ថិភាពព័ត៌មាន។
សម្តេចធិបតី បានគូសបញ្ជាក់ថា «សូមបន្តយកចិត្តទុកដាក់លើការកសាងសមត្ថភាពជំនាញ និងការយល់ដឹងផ្នែកច្បាប់របស់ អ្នកសារព័ត៌មាន ដែលបានចុះបញ្ជីជាមួយក្រសួងព័ត៌មាន។ពង្រឹងការទូតព័ត៌មាន តាមគ្រប់យន្តការការងារ ដើម្បីចាប់យកឱកាសក្នុងការផ្សារភ្ជាប់ អ្នកសារព័ត៌មានក្នុងប្រទេសជាមួយអ្នកសារព័ត៌មានក្នុងតំបន់ និងលើសកលលោក»។
សម្តេចធិបតី បន្ថែមថា លើកកម្ពស់ការតាមដាន វាយតម្លៃ និងឆ្លើយតបឱ្យបានទាន់ពេល ចំពោះព័ត៌មានបំភ្លៃ ការពិត និងព័ត៌មានក្លែងក្លាយ ព្រមទាំងបន្តតាមដាន ត្រួតពិនិត្យ និងមានវិធានការផ្លូវច្បាប់ ចំពោះជនខិលខូចមួយចំនួនជ្រកក្រោមស្លាកសារព័ត៌មាន ប្រព្រឹត្តបទកំហែងទារដែលធ្វើ ឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មាន អាជីព៕
