ព័ត៌មានអន្តរជាតិ

គុយបា​ ថ្កោលទោសទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកថា​ ជាវិធានការបង្ខិតបង្ខំឯកតោភាគី

ហាវ៉ាណា៖​ រដ្ឋាភិបាលគុយបា​ បានថ្កោលទោសទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកថាជា “វិធានការបង្ខិតបង្ខំឯកតោភាគី”​ ក្រោយពីអាមេរិកបានប្រកាសដាក់ទណ្ឌកម្មថ្មីលេីប្រទេសនេះ។

រដ្ឋមន្ត្រីការបរទេសគុយបាលោក Bruno Rodriguez បានឧ្យដឹងថា​ “យើងបដិសេធយ៉ាងដាច់អហង្ការ​ ចំពោះវិធានការបង្ខិតបង្ខំឯកតោភាគីដែលបានអនុម័តថ្មីៗនេះ” ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។

លោក Rodriguez បានលេីកឡេីងថា សកម្មភាពទាំងនេះបង្ហាញពីចេតនាដាក់ទណ្ឌកម្មរួមលើប្រជាជនគុយបា​ នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានកត់សម្គាល់ថា ការប្រកាសនេះស្របគ្នានឹងថ្ងៃទី១​ ខែឧសភា នៅពេលដែលប្រជាជនគុយបា​ រាប់លាននាក់បានចេញមកតាមដងផ្លូវ​ ដើម្បីថ្កោលទោសការបិទផ្លូវរបស់សហរដ្ឋអាមេរិក និងការឡោមព័ទ្ធផ្នែកថាមពល។

លោក Rodriguez បានបន្ដថា “វិធានការទាំងនេះមានលក្ខណៈក្រៅទឹកដី និងរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ” ដោយបន្ថែមថា សហរដ្ឋអាមេរិក​ មិនមានសិទ្ធិដាក់វិធានការប្រឆាំងនឹងគុយបា ឬប្រឆាំងនឹងប្រទេស ឬភាគីទីបីឡើយ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top