ព័ត៌មានជាតិ

ត្រឹមខែមេសា ឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤៧​ ០០០​ផ្ដល់ការងាររាប់ម៉ឺនកន្លែង

ភ្នំពេញ៖ គិតត្រឹមចុងខែមីនា ឆ្នាំ២០២៦នេះ ចំនួនរោងចក្រ សហគ្រាសនៅកម្ពុជាបានកើនដល់៤៧ ០២៩ សហគ្រាស ដែលបាន​ផ្តល់​ឱកាស​ការ​ងា​រជូនដល់ប្រជាពលរដ្ឋរាប់ម៉ឺនកន្លែង។ នេះបើតាមការឱ្យ​ដឹងពីលោក ស៊ុន មេសា អ្នកនាំពាក្យ​ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ នៅព្រឹក​ថ្ងៃទី១ ខែឧសភា។

លោក ស៊ុន មេសា បានថ្លែងថា៖«រោងចក្រ សហគ្រាសនៅកម្ពុជា គិតត្រឹមថ្ងៃទី ៣១ ខែមីនានេះ រោងចក្រ សហគ្រាសបានកើនឡើងពីចំនួន ៤៦ ៦៤៩ ដល់ចំនួន ៤៧ ០២៩ ក្នុងចុងឆ្នាំ ២០២៦ រោងចក្រ សហគ្រាស មានន័យថា រោងចក្រសហគ្រាសយើងមានការកើនឡើងចំនួន ៣៨០ សហគ្រាស បើធៀបនឹងឆ្នាំមុន»។

ទន្ទឹមនឹងការកើនឡើងចំនួនរោងចក្រសហគ្រាសនេះបានផ្តល់ឱកាសដល់ប្រជាពលរដ្ឋប្រមាណជាង ៧ម៉ឺននាក់មានការងារធ្វើ។ មិនតែប៉ុណ្ណោះ ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល ក្រសួងការងារ តែងតែយកចិត្តទុកដាក់ ផ្តល់តម្លៃ លើកកម្ពស់សិទ្ធិសេរីភាព និងអត្ថប្រយោជន៍ផ្សេងៗ ទាំងអ្នកធ្វើការក្នុងប្រព័ន្ធ និងបុគ្គលស្វ័យនិយោជន៍ ធ្វើយ៉ាងណាធានាឱ្យបាននូវឱកាសស្មើៗគ្នា ការងារសមរម្យ លក្ខខណ្ឌការងារ និងប្រាក់​ឈ្នួល​សមរម្យ ទំនាក់​ទំនងវិជ្ជាជីវៈល្អ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានសាទរចំពោះកំណើន​ចំនួនរោងចក្រ សហគ្រាសនៅត្រឹមដើមឆ្នាំ ២០២៦នេះ ដែលនេះសបញ្ជាក់ថា ទោះបីជាស្ថិតនៅក្នុងវិបត្តិនៃសង្គ្រាមឈ្លានពានពីប្រទេសថៃមកលើទឹកដីកម្ពុជាយ៉ាងណាក្តី ក៏ដូចជា វិបត្តិ​ប្រេង​ឥន្ធនៈ​សកល​យ៉ាង​ណាក្តី ក៏កម្ពុជានៅតែមានកំ​ណើននៃការ​មកបណ្ដាក់ទុននិយោគ​ថ្មីៗបន្ថែមលើគ្រប់វិស័យមកលើកម្ពុជា។ 

លោកថ្លែងថា៖«នៅពេលដែល​មានរោង​ចក្រកាន់តែ​ច្រើន នោះឱ​កាស​ការ​ងារ និ​ងការ​ប្រកួតប្រ​ជែង​ក្នុងការ​ទាក់​ទាញកម្លាំង​ពលកម្ម គឺកាន់​តែ​កើន​ឡើង អត្ថប្រយោជន៍នានា ត្រូ​វបាន​ផ្តល់ប​ន្ថែមប្រសើរជាងមុនជូនដល់បងប្អូនកម្មករនិយោជិតជាក់ជាមិនខាន ជាពិសេសអតីតពលកររបស់យើង គាត់​អាចនឹងទទួលបានឱកាសការងារកាន់តែច្រើនជាងមុន ហើយមានការប្រកួតប្រជែងទៅលើទីផ្សារការងារកាន់តែល្អប្រសើរ»។  

ទន្ទឹមនេះ លោក ហ៊ន គឹមហុក ប្រធានសហព័ន្ធសហជីពឯករាជ្យកម្ពុជា មើលឃើញថា កំណើនរោចក្រសហគ្រាសជាង សហគ្រាស ដែល​បាន​ដំណើរ​ការ​បន្ថែមទៀតនៅកម្ពុជានេះ គឺជាសញ្ញាវិជ្ជមានមួយសម្រាប់វិស័យការងារនៅកម្ពុជា។ លើសពីនេះ គឺបង្ហាញថា អ្នកវិនិយោគ​ទុកចិត្ត​លើ​កត្តា​សុខ​សន្តិភាពពេញលេញ និងបរិយាកាសវិនិយោគមានអំណោយផលល្អ។

លោកថ្លែងថា៖« ការកើនឡើងរោងចក្រសហគ្រាសនេះ ​មានន័យថា ប្រទេសកម្ពុជាមានស្ថេរភាពនយោបាយ និងបរិយាកាសវិនិយោគល្អ ដែល​ទាក់​ទាញអ្នក​វិនិយោគមកបណ្ដាក់ទន់ ដែលជួយបង្កើតឱកាសការងារ បង្កើនប្រា​ក់ចំណូល ជំរុញកំ​ណើនសេដ្ឋកិច្ចជាតិ»។ 

ពិតណាស់ រាជរដ្ឋាភិបាលកម្ពុជាទាំងអាណត្តិមុន ក៏ដូច​ជាអាណត្តិថ្មីនេះ តែង​ធ្វើការទាក់ទាញអ្នកវិនិ​យោគថ្មីៗ ដើម្បី​បង្កើត​ឱកាស​ការងា​រជូន​ប្រជា​ពល​រដ្ឋ។ ទន្ទឹម​នេះ រដ្ឋាភិបាល​តែងតែគិ​តគូរដល់សុខទុក្ខរប​ស់បងប្អូន​កម្មករនិ​យោជិត លើកកម្ពស់លក្ខ​ខណ្ឌកា​រងារ ដំឡើង​ប្រាក់​ឈ្នួល និងផ្តល់​អត្ថប្រ​យោជន៍​ផ្សេងៗ​ជា​ច្រើន៕

To Top