ព័ត៌មានជាតិ

អភិបាលស្រុកបាកាន អញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូរ សម្ភោធសមិទ្ធផលនានា នៅក្នុងវត្តហត្ថីមង្គល ហៅវត្តព្រៃដំរី

ពោធិ៍សាត់៖ នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ លោក ឆាយ គឹមម៉ុង អភិបាលនៃគណៈអភិបាលស្រុកបាកាន បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូរ សម្ពោធសមិទ្ធផលនានា ក្នុងពិធីបុណ្យឆ្លងបូជនីយដ្ឋានព្រះសម្មាសម្ពុទ្ធទ្រង់ផ្ទុំ និងឆ្លងស្រះទឹកមុជលិង្គ ស្ថិតនៅវត្តហត្ថីមង្គល (ហៅវត្តព្រៃដំរី) ដោយមានការចូលរួមយ៉ាងច្រើនកុះករ ពីព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន ថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ ក្នុងបរិយាកាសសទ្ធាជ្រះថ្លា សាមគ្គីភាព និងអធិកអធមក្រៃលែង។

ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកអភិបាលស្រុក បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះព្រះចៅអធិការ គណៈកម្មការវត្ត សប្បុរសជន និងពុទ្ធបរិស័ទទាំងអស់ ដែលបានរួមចំណែកជាកម្លាំងកាយ កម្លាំងចិត្ត និងធនធាន ក្នុងការកសាង និងអភិវឌ្ឍសមិទ្ធផលនានាក្នុងទីអារាម ឲ្យកាន់តែរីកចម្រើន សម្រាប់ជាទីសក្ការៈបូជា និងជាប្រយោជន៍ដល់ព្រះពុទ្ធសាសនា។

ពិធីនេះបានប្រព្រឹត្តទៅយ៉ាងអធិកអធម ប្រកបដោយក្តីសោមនស្សរីករាយ និងស្មារតីរួបរួម ស្ថិតក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់៕

ប្រភព÷រដ្ឋបាលស្រុកបាកាន
ដោយ÷ធឿន/ដើមអម្ពិល

To Top