ព័ត៌មានជាតិ

កម្ពុជា បន្ដបណ្ដេញជនបរទេស ២,៦៧១នាក់ មាន ២៩សញ្ជាតិ ចេញពីប្រទេស

ភ្នំពេញ ៖ នៅថ្ងៃទី២០ ដល់ទី៣០ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តធ្វើកាបណ្ដេញចេញជនបរទេសសរុបចំនួន ២,៦៧១នាក់ ស្រី ៥៨៥នាក់ ចេញពីកម្ពុជា 

តាមរយៈគេហទំព័រហ្វេសប៊ុក អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅល្ងាចថ្ងៃទី២ មេសា ថា ជនបរទេសទាំងនោះ មាន ២៩សញ្ជាតិ រួមមាន ៖ ឥណ្ឌូនេស៊ី ប៉ាគីស្ថាន វៀតណាម អាហ្វ្រិកខាងត្បួង កាមេរូន ហ្គាណា ចិនតៃវ៉ាន់ ឡាវ មីយ៉ាន់ម៉ា នីហ្សេរីយ៉ា អាមេរិក ចិន ឥណ្ឌា ប៊ូរុនឌី បង់ក្លាដេស ស្រីលង្កា សេរ៉ាឡេអូន លីបេរីយ៉ា ប៉ានីហ្សេរីយ៉ា កូរ៉េ កេនយ៉ា បេនីន រុស្សី តូហ្គោល នេប៉ាល់ អាល្លឺម៉ង់ ថៃ ម៉ាឡេស៊ី ត្រូវបានបណ្ដេញចេញពីកម្ពុជា។

ក្នុងនោះមានជនជាតិចិន ៣០៦នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងជនជាតិថៃចំនួន ៦៣៥នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងជនបរទេសមួយចំនួនទៀតពាក់ព័ន្ធករណីលួចឆ្លងដែន បន្លំឯកសារក្លែងក្លាយ ស្នាក់នៅគ្មានលិខិតឆ្លងដែន ចាប់ជំរិទទារប្រាក់ ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ ( QR Code ក្លែងក្លាយ) ឆបោកតាមប្រព័ន្ធអនឡាញ ធ្វើការងារខុសច្បាប់ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ។

សូមរំលឹកថា ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងការទទួលដឹកនាំតម្រង់ទិសយ៉ាងមុតមាំបំផុតរបស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាដែលកើតមានក្នុងព្រះរាជាណាចក្រកមក្ពុជាទាំងអស់ ដើម្បីធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយ៕

To Top