សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការធានាសុវត្ថិភាពព័ត៌មានក្នុងកាលៈទេសៈនៃវិបត្តិ មិនមែនជាការរឹតត្បិត សេរីភាពខាងសារព័ត៌មាននោះទេ
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការធានាសុវត្ថិភាពព័ត៌មាន ការរក្សាព័ត៌មានសម្ងាត់របស់ជាតិ ក្នុងកាលៈទេសៈនៃវិបត្តិ និងការគ្រប់គ្រងសណ្តាប់ធ្នាប់សារព័ត៌មាន មិនមែនជាការរឹតត្បិត សេរីភាពខាងសារព័ត៌មាន និងសេរីភាពនៃការបោះពុម្ពផ្សាយនោះទេ។
តាមរយៈសារលិខិត ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣៣ ក្រោមប្រធានបទ «ការកសាងអនាគតមួយប្រកបដោយសន្តិភាព» នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្នុងបរិបទនៃយុគសម័យឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) សេរីភាពសារព័ត៌មាន មិនមែនត្រឹមតែជាសិទ្ធិមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែ ជាសមត្ថភាពយុទ្ធសាស្ត្រមួយក្នុងការចូលរួមលើកកម្ពស់សន្តិសុខព័ត៌មាន និងត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ សុចរិតភាពវិជ្ជាជីវៈ ការទទួលខុសត្រូវសង្គម ការរក្សាសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ។
សម្ដេចធិបតី គូសបញ្ជាក់ថា «ការធានាសុវត្ថិភាពព័ត៌មាន ការរក្សាព័ត៌មានសម្ងាត់ របស់ជាតិក្នុងកាលៈទេសៈនៃវិបត្តិ និងការគ្រប់គ្រងសណ្តាប់ធ្នាប់សារព័ត៌មាន មិនមែនជាការរឹតត្បិត សេរីភាពខាងសារព័ត៌មាន និងសេរីភាពនៃការបោះពុម្ពផ្សាយនោះទេ ប៉ុន្តែ គឺជាការធានានូវទី១. ការផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋ, ទី២៖ ការធានាបាននូវសន្តិសុខព័ត៌មាន ដែលរួមមានសិទ្ធិទទួលបានព័ត៌មាន ប្រភពច្បាស់លាស់នៃព័ត៌មាន គុណភាពព័ត៌មាន និងសុវត្ថិភាពព័ត៌មានសម្រាប់ពលរដ្ឋ និងទី៣៖ ការធានាបាននូវការការពារសន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គម និងសណ្តាប់ធ្នាប់សាធារណៈសម្រាប់ជាតិ និងប្រជាជន»។
សម្ដេច នាយករដ្ឋមន្ដ្រី បានឱ្យដឹងទៀតថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាបានកំណត់យ៉ាងច្បាស់ថាវិស័យព័ត៌មាន ទូរគមនាគមន៍ និងប្រព័ន្ធផ្សព្វផ្សាយជាវិស័យស្នូលដែលជួយគាំទ្រដល់អភិបាលកិច្ចល្អសម្រាប់ពង្រឹងទំនុកចិត្តរវាងរដ្ឋ និងប្រជាពលរដ្ឋ និងសម្រាប់ការពារអធិបតេយ្យភាពព័ត៌មានរបស់ជាតិ។
លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជា បានបន្តផ្តោតការយកចិត្តទុកដាក់ខ្ពស់ជាអាទិភាពលើការលើកកម្ពស់សេរីភាពសារព័ត៌មាន និងសេរីភាពនៃ ការបោះពុម្ពផ្សាយនៅកម្ពុជា៕




