ព័ត៌មានអន្តរជាតិ

វៀតណាម និងជប៉ុន ស្វែងរកចំណងមិត្តភាពលើវិស័យថាមពល និងរ៉ែកាន់តែស៊ីជម្រៅ ចំពេលមានហានិភ័យភូមិសាស្ត្រនយោបាយ

បរទេស៖ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានសន្យាកាលពីថ្ងៃសៅរ៍ថា នឹងពង្រឹងទំនាក់ទំនងជាមួយវៀតណាម ដោយបានគូសបញ្ជាក់ពីបញ្ហាថាមពល និងរ៉ែសំខាន់ៗនៅក្នុងកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Hung ហើយក្រោយមកបានជំរុញឱ្យប្រទេសអាស៊ីអាគ្នេយ៍ទាំង២ពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២ ខែឩសភា ឆ្នាំ២០២៦ថា មេដឹកនាំទាំងពីរបានពិភាក្សាអំពីវិធីដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០២៣ ដោយផ្តោតលើថាមពល រ៉ែសំខាន់ៗ បញ្ញាសិប្បនិម្មិត ស៊ីមីកុងដុកទ័រ និងលំហ។

លោកស្រី Takaichi បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំថា “ភាគីទាំងពីរបានកំណត់សន្តិសុខសេដ្ឋកិច្ចជាវិស័យអាទិភាពថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី”។

វៀតណាមបានស្វែងរកការគាំទ្រពីប្រទេសជប៉ុន និងប្រទេសដទៃទៀតសម្រាប់ការផ្គត់ផ្គង់ប្រេង ខណៈដែលជម្លោះនៅមជ្ឈិមបូព៌ាជំរុញឱ្យតម្លៃប្រេងឡើងខ្ពស់ និងរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់។

ក្នុងអំឡុងពេលថ្លែងសុន្ទរកថាគោលនយោបាយនៅសាកលវិទ្យាល័យជាតិវៀតណាមកាលពីថ្ងៃសៅរ៍ លោកស្រី Takaichi បាននិយាយថា ហានិភ័យបែបនេះបានគូសបញ្ជាក់ពីតម្រូវការសម្រាប់ការសម្របសម្រួលក្នុងតំបន់ឱ្យកាន់តែជិតស្និទ្ធ។

ប្រែសម្រួលៈ ណៃ តុលា

To Top