អភិបាលស្រុកបាកាន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនប្រជាពលរដ្ឋចំនួន៧ គ្រួសារដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់
ពោធិ៍សាត់៖ នារសៀលថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ២០២៦ លោក ឆាយ គឹមម៉ុង អភិបាលនៃគណៈអភិបាលស្រុកបាកាន និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមស្រុក ព្រមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋចំនួន ៧គ្រួសារ ស្ថិតនៅភូមិនិគមន៍លើ និងភូមិព្រាល ឃុំស្វាយដូនកែវ និងភូមិក្រោលក្របី និងភូមិកោះកែវ ឃុំត្រពាំងជង ដែលរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិ (ខ្យល់កន្ត្រាក់) កាលពីថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២៦ ។

ក្នុងឱកាសនោះ ប្រជាពលរដ្ឋមួយគ្រួសារ ទទួលបានអំណោយរួមមាន៖ ថវិកា ៥០,០០០ រៀល អង្ករ ២០ គីឡូក្រាម មី ១ កេស និង ទឹកស៊ីអ៊ីវ ១ យួរ ។ សកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់ និងការចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះឲ្យទាន់ពេលវេលា៕



ប្រភព÷រដ្ឋបាលស្រុកបាកាន
ដោយ÷ធឿន/ដើមអម្ពិល
