ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង នឹងស៊ើបអង្កេតករណីឆេះកប៉ាល់ដឹកទំនិញនៅច្រកសមុទ្រ ហ័រមូស ក្នុងពេលដែលលោក ត្រាំ បានស្តីបន្ទោសការវាយប្រហាររបស់អ៊ីរ៉ង់

បរទេស៖ ទីក្រុងសេអ៊ូលបានឱ្យដឹងនៅថ្ងៃទី៥ ខែឧសភានេះថា អាជ្ញាធរនឹងស៊ើបអង្កេតមូលហេតុនៃការផ្ទុះ និងអគ្គីភ័យដែលបានឆាបឆេះលើកប៉ាល់ដែលដំណើរការដោយកូរ៉េខាងត្បូងនៅក្នុងច្រកសមុទ្រហ័រមូស ក្នុងឧប្បត្តិហេតុដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្តីបន្ទោសការវាយប្រហាររបស់អ៊ីរ៉ង់។

យោងតាមសារព័ត៌មាន The Straits Times ចេញផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ថា ក្រសួងការបរទេសកូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “មូលហេតុពិតប្រាកដនៃគ្រោះថ្នាក់នេះនឹងត្រូវបានដោះស្រាយបន្ទាប់ពីកប៉ាល់ត្រូវបានអូសចេញ និងវាយតម្លៃការខូចខាត”។

កប៉ាល់ដឹកទំនិញដែលមានទង់ជាតិប៉ាណាម៉ាដែលដំណើរការដោយក្រុមហ៊ុនដឹកជញ្ជូនកូរ៉េខាងត្បូង HMM គឺមិនបានផ្ទុកអ្វីឡើយ និងបោះយុថ្កានៅពេលដែលការផ្ទុះ និងអគ្គីភ័យបានកើតឡើងនៅថ្ងៃទី ៤ ខែឧសភា។

ក្រសួងការបរទេសកូរ៉េខាងត្បូងបាននិយាយថា មិនមានអ្នកស្លាប់ និងរបួសទេ ហើយអគ្គីភ័យត្រូវបានពន្លត់។ កប៉ាល់ដែលមានឈ្មោះថា HMM Namu នឹងត្រូវបានអូសទៅកាន់កំពង់ផែក្បែរនោះ ដើម្បីវាយតម្លៃការខូចខាត និងជួសជុល ៕

ប្រែសម្រួលៈ ណៃ តុលា

To Top