បណ្ដាប្រទេសនៅមជ្ឈិមបូព៌ា និងប្លុកតំបន់ ថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់លើអេមីរ៉ាត
គែរ៖ ប្រទេសនានានៅមជ្ឈិមបូព៌ា និងអង្គការតំបន់ បានថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់លើប្រទេសអារ៉ាប់រួម (UAE) ដោយថា ការវាយប្រហារទាំងនេះតំណាងឱ្យការកើនឡើងដ៏គ្រោះថ្នាក់ ដែលគំរាមកំហែងដល់សន្តិសុខ និងស្ថិរភាពក្នុងតំបន់។
ព្រះអង្គម្ចាស់រាជទាយាទ និងជានាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត មហាម៉េដ ប៊ីន សាល់ម៉ាន់ បានឧ្យដឹងតាមទូរស័ព្ទជាមួយប្រធានាធិបតី លោក សេក មហាម៉េដ ប៊ីន ហ្សាយអ៊ីដ អាល់ ណាយ៉ាន ដោយថ្កោលទោសការវាយប្រហារចុងក្រោយបំផុតរបស់អ៊ីរ៉ង់ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអូឌីត (SPA)។
ព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត បានសម្តែងការថ្កោលទោសរបស់ព្រះរាជាណាចក្រចំពោះ “ការវាយប្រហាររបស់អ៊ីរ៉ង់ ដែលមិនសមហេតុផល” ដែលផ្តោតលើអារ៉ាប់រួមដោយបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់អារ៉ាប៊ីសាអូឌីត ចំពោះអារ៉ាប់រួម ក្នុងការការពារសន្តិសុខ និងស្ថិរភាពរបស់ខ្លួន។
ថ្នាក់ដឹកនាំទាំងពីរក៏បានពិនិត្យឡើងវិញនូវការអភិវឌ្ឍក្នុងតំបន់ និងពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនសន្តិសុខ និងស្ថិរភាពក្នុងតំបន់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសហ្ស៊កដានី បានពិពណ៌នាអំពីការវាយប្រហារទាំងនេះថា ជាការរំលោភបំពានយ៉ាងច្បាស់លាស់លើអធិបតេយ្យភាពរបស់អារ៉ាប់រួម និងការកើនឡើងដ៏គ្រោះថ្នាក់ដែលគំរាមកំហែងដល់សន្តិសុខ ស្ថិរភាព និងបូរណភាពទឹកដីរបស់ខ្លួន។
នៅថ្ងៃចន្ទផងដែរ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក Ayman Safadi បានទូរស័ព្ទទៅសមភាគីអារ៉ាប់រួម របស់លោក គឺលោក Sheikh Abdullah bin Zayed Al Nahyan ដើម្បីបញ្ជាក់ជាថ្មីអំពីសាមគ្គីភាពដ៏រឹងមាំរបស់ហ្ស៊កដានី ជាមួយអារ៉ាប់រួម និងការគាំទ្រយ៉ាងពេញទំហឹងរបស់ខ្លួនចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អារ៉ាប់រួម ក្នុងការការពារអធិបតេយ្យភាព និងសន្តិសុខរបស់ខ្លួន៕
ប្រែសម្រួល ឈូក បូរ៉ា
