ព័ត៌មានអន្តរជាតិ

ក្រុមហាម៉ាស់​ អះអាងថា ការគំរាមកំហែងរបស់អ៊ីស្រាអែល​ ក្នុងការបន្តសង្គ្រាមនៅហ្គាហ្សា ជាការរំលោភលើបទឈប់បាញ់ និងផែនការរបស់លោក ត្រាំ

ហ្គាហ្សា៖​ ចលនាតស៊ូអ៊ីស្លាម (ហាម៉ាស់) បានឧ្យដឹងថា ការគំរាមកំហែងរបស់អ៊ីស្រាអែលក្នុងការបន្តប្រតិបត្តិការយោធានៅក្នុងតំបន់ហ្គាហ្សា គឺជា “ការរំលោភ” លើកិច្ចព្រមព្រៀងឈប់បាញ់ និងជាការរំលោភយ៉ាងច្បាស់លាស់លើផែនការសន្តិភាព​ ដែលស្នើឡើងដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់​ ត្រាំ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យរបស់ក្រុមហាម៉ាស់​លោក Hazen Qassem បានឧ្យដឹងថា “ការគំរាមកំហែងដែលផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយភាសាហេព្រើរអំពីការបន្តសង្គ្រាមនៅតំបន់ហ្គាហ្សា តំណាងឱ្យការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់” និងផ្ទុយនឹងអ្វីដែលលោកបានពិពណ៌នាថាជា “ផែនការរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់​ ត្រាំ”។

លោក Qassem បានបន្ថែមថា សេចក្តីថ្លែងការណ៍បែបនេះ “ផ្ទុយនឹងបរិយាកាសវិជ្ជមាន” ដែលបានបង្ហាញដោយចលនាក្នុងអំឡុងពេលកិច្ចប្រជុំថ្មីៗនៅទីក្រុងគែរ​ ជាមួយអ្នកសម្របសម្រួល ដោយសំដៅទៅលើកិច្ចខិតខំប្រឹងប្រែង​ ដែលដឹកនាំដោយភាគីក្នុងតំបន់ និងអន្តរជាតិ ដើម្បីពង្រឹងភាពស្ងប់ស្ងាត់ និងការពារការដួលរលំនៃកិច្ចព្រមព្រៀង។

លោក​បាន​បន្ដថា ក្រុម​ហាម៉ាស់​ នៅ​តែ «ប្តេជ្ញា​ចិត្ត​ជា​បន្តបន្ទាប់» ក្នុង​ការ​ធ្វើការ​ជាមួយ​អ្នក​សម្របសម្រួល​  ដើម្បី​ឈាន​ដល់ «វិធីសាស្ត្រ​ដែល​អាច​ទទួល​យក​បាន» សម្រាប់​ប្រជាជន​ប៉ាឡេស្ទីន ក្នុង​លក្ខណៈ​មួយ​ដែល​ធានា​ដល់​ការ​អនុវត្ត​ផ្លូវ​ផ្សេងៗ​ដែល​មាន​គោលបំណង​សម្រេច​បាន​សន្តិភាព​នៅ​តំបន់​ហ្គាហ្សា។

ទន្ទឹម​នឹង​នេះ វិទ្យុ​អ៊ីស្រាអែល ដោយ​ដកស្រង់​សម្ដី​មន្ត្រី​អ៊ីស្រាអែល បាន​រាយការណ៍​ថា កងទ័ព​អ៊ីស្រាអែល​ បាន​ឈាន​ទៅ​មុខ​នូវអ្វី​ដែល​ខ្លួន​ហៅ​ថា «ខ្សែ​លឿង» ទៅ​ទិស​ខាងលិច​នៅ​តំបន់​ហ្គាហ្សា ហើយ​ឥឡូវ​នេះ​គ្រប់គ្រង​បាន ៥៩ភាគរយ​នៃ​តំបន់​នោះ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top