ព័ត៌មានជាតិ

ប្រធានពន្ធនាគារព្រៃស បំភ្លឺជុំវិញមរណភាពរបស់លោក លី សាម៉េត ដោយសារអាការៈគាំងបេះដូង និង ច្រានចោលដាច់អហង្ការ ព័ត៌មាននេះជាការបង្វែងសភាពការណ៍រឿងឆបោកអនឡាញ

Dap news

ភ្នំពេញ៖ រដ្ឋបាលមណ្ឌលអប់រំកែប្រែទី១ ម១ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសព័ត៌មានលម្អិត ដើម្បីជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានឱ្យបានជ្រាបច្បាស់ អំពីបុព្វហេតុពិតប្រាកដនៃមរណភាពរបស់ជនជាប់ឃុំឈ្មោះ លី សាម៉េត ក្នុងជន្មាយុ ៧៣ឆ្នាំ។

យោងតាមរបាយការណ៍របស់លោក នុត សាវនា អគ្គនាយកពន្ធនាគារ បានឱ្យដឹងថា លោក លី សាម៉េត មានជំងឺប្រចាំកាយធ្ងន់ធ្ងរ រួមមាន ជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាមខ្ពស់ តាំងពីមុនពេលបញ្ជូនមកឃុំខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងអំឡុងពេលឃុំខ្លួន ទោះបីមិនបានសម្រាកព្យាបាលនៅមន្ទីរពេទ្យខាងក្រៅ ប៉ុន្តែលោកត្រូវបាន អនុញ្ញាតឱ្យស្នាក់នៅប៉ុស្តិ៍សុខភាពរបស់មណ្ឌលដើម្បីតាមដានសុខភាពជាប្រចាំ និងទទួលបានការពិនិត្យពីគ្រូពេទ្យ និងអនុញ្ញាតឱ្យលេងកីឡាវាយប៊ូលជារៀងរាល់ថ្ងៃ។

មួយរយៈចុងក្រោយនេះ លោកបានបង្ហាញអាការៈបាក់ទឹកចិត្ត និងស្រងូតស្រងាត់ ដោយសារសម្ពាធនៃរឿងក្តីដែលត្រូវផ្ដន្ទាទោសសរុប ២៤ឆ្នាំ និងសំណុំរឿងផ្សេងទៀតដែលត្រៀមប្រកាសទោស។

នាវេលាម៉ោង ៧:៣៥ នាទីព្រឹក ថ្ងៃទី០៦ ខែឧសភា មន្ត្រីប្រចាំការបានប្រទះឃើញសពលោក លី សាម៉េត នៅលើគ្រែក្នុងស្ថានភាពរឹងស្តូកស្តឹង ក្នុងទម្រង់កំពុងសម្រាន្តលក់។ ភ្លាមៗនោះ មណ្ឌលបានបិទខ្ទប់ទីតាំងកើតហេតុ និងរាយការណ៍ជូនអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងអង្គភាពជំនាញ។ ក្រុមគ្រូពេទ្យកោសល្យវិច័យ ដឹកនាំដោយ ឧកញ៉ា វេជ្ជបណ្ឌិត នន សុវណ្ណរ័ត្ន រួមជាមួយក្រុមគ្រួសារសព បានពិនិត្យឃើញថា លោកបានទទួលមរណភាពដោយសារ “អាការៈគាំងបេះដូង” បណ្តាលមកពីជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាមធ្ងន់ធ្ងរ។

ក្នុងនាមប្រធានពន្ធនាគារព្រៃស លោក នុត សាវនា បានសម្ដែងការសោកស្តាយចំពោះមរណភាពនេះ និងបាន ច្រានចោលដាច់អហង្ការ ចំពោះការចោទប្រកាន់របស់ជនឱកាសនិយមមួយចំនួន ដែលបានបង្ហោះព័ត៌មានមិនពិតថា មរណភាពនេះជាការបង្វែងសភាពការណ៍រឿងឆបោកអនឡាញ។ លោកបានបញ្ជាក់ថា ការលើកឡើងទាំងនោះគឺជាការញុះញង់ បង្កការភាន់ច្រឡំមកលើសមត្ថកិច្ចដែលកំពុងបំពេញភារកិច្ច។

លោក នុត សាវនា ក៏បានអំពាវនាវដល់អ្នកលេងបណ្តាញសង្គមទាំងអស់ មេត្តាផ្តល់ការគោរពដល់វិញ្ញាណក្ខន្ធសព និងក្រុមគ្រួសារដែលកំពុងមានទុក្ខជាទម្ងន់ ដោយបញ្ឈប់ការប្រើប្រាស់ពាក្យប្រមាថមាក់ងាយ ឬជាន់ឈ្លីដល់អ្នកដែលបានចែកឋានទៅហើយ។

បច្ចុប្បន្ន សពលោក លី សាម៉េត ត្រូវបានក្រុមគ្រួសាររៀបចំពិធីតាមបែបសាសនា និងដង្ហែចេញពីមណ្ឌលទៅកាន់គេហដ្ឋានវិញដោយក្តីក្រៀមក្រំបំផុត៕

ដោយ៖ សយ រិទ្ធី

To Top