UNEP សន្យាពង្រីកកិច្ចប្រតិបត្តិការជាមួយកម្ពុជា លើការគ្រប់គ្រងធនធានធម្មជាតិ
ភ្នំពេញ ៖ អង្គការសហប្រជាជាតិដើម្បីបរិស្ថាន (UNEP) បានប្រកាសបន្តគាំទ្រកម្ពុជា ដើម្បីលើកកម្ពស់ ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ទប់ស្កាត់ការបំពុលដើម្បីនិរន្តរភាពបរិស្ថាន និងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។

នេះជាការលើកឡើង លោកស្រី Dechen Tsering នាយកនិងជាតំណាងអង្គការ UNEP ប្រចាំតំបន់សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក ក្នុងឱកាសអញ្ជើញជួបសម្ដែងការគួរសមនិងពិភាក្សាការងារ ជាមួយលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា នាទីស្តីការក្រសួងបរិស្ថាន នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦។

លោកស្រី បានបញ្ជាក់ពីការវាយតម្លៃខ្ពស់ចំពោះក្រសួងបរិស្ថាន ដែលបានសហការល្អ លើកិច្ចសហការលើផ្នែកបរិស្ថាន និងធនធានធម្មជាតិ ជាពិសេសបានអនុវត្តសកម្មភាពជំរុញ លើការកាត់បន្ថយប្លាស្ទិក, ការគ្រប់គ្រងការបំពុលបរិស្ថាន ការការពារនិងអភិរក្សធនធានធម្មជាតិ និងសត្វព្រៃ និងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ស្របតាមគោលនយោបាយនិងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងឆ្លើយតបនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ស្តីពីអាកាសធាតុ។

ក្នុងឱកាសនេះ លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណដល់ការគាំទ្រ របស់អង្គការកម្មវិធីបរិស្ថានអង្គការសហប្រជាជាតិ ដែលបានចូលរួមចំណែកការពារនិងអភិរក្សបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា។ លោក បានថ្លែងបន្ថែមអំពីគាំទ្ររបស់អង្គការ UNEP ចំពោះការពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងបរិស្ថាន ក្នុងការគ្រប់គ្រងគុណភាពខ្យល់ និងសារធាតុគីមី ការអភិរក្សជីវៈចម្រុះ និងផែនការសកម្មភាព ពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា។

លោក រដ្ឋមន្រ្តី បានមានប្រសាសន៍ថា គម្រោងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅកម្ពុជា កំពុងទទួលបានជោគជ័យ ដោយសារមានអ្នកចូលរួមជាង១៤លាននាក់ គិតត្រឹមឆ្នាំ២០២៦នេះ ដែលបានប្តេជ្ញាចិត្តឈប់ប្រើថង់ប្លាស្ទិកជាបណ្តើរៗ។ លោក បានថ្លែងថា កន្លងមកក្រសួងបរិស្ថាន បានដាក់ចេញនូវវិធានការ និងយុទ្ធនាការជាច្រើន ដើម្បីជំរុញឱ្យមានភាពស្អាត និងចូលរួមទប់ស្កាត់ការបំពុលបរិស្ថាន ទាំងក្នុងទឹក លើដី និងលើមេឃ ដើម្បីបង្កើនភាពធន់នឹង ការប្រែប្រួលអាកាសធាតុសម្រាប់ សហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា។
លោក រដ្ឋមន្រ្តី បានបញ្ជាក់អំពីគម្រោងសហប្រតិបត្តិការបន្តទៀតគឺជំរុញ ការអភិវឌ្ឍជីវភាពសហគមន៍មូលដ្ឋាន ដោយផ្សារភ្ជាប់ការអភិរក្សធនធានធម្មជាតិ តាមរយៈការប្រែក្លាយសក្តានុពលធម្មជាតិ ទៅជាគោលដៅលំហែបៃតង និងអេកូទេសចរណ៍ និងការលើកកម្ពស់ការគ្រប់គ្រងតំបន់ការពារធម្មជាតិ ដែលជួយកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់៕
