ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីបារាំង ពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ីរ៉ង់ និងបានអំពាវនាវឱ្យ “គ្រប់ភាគីទាំងអស់” បើកច្រកសមុទ្រ Hormuz វិញ ដោយគ្មានការពន្យារពេល និងដោយគ្មានលក្ខខណ្ឌ

បរទេស៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃពុធ បានអំពាវនាវឱ្យ “គ្រប់ភាគីទាំងអស់” បើកច្រកសមុទ្រ Hormuz វិញ “ដោយគ្មានការពន្យារពេល និងដោយគ្មានលក្ខខណ្ឌ” បន្ទាប់ពីលោកបានសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ថា លោក Macron បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “យើងត្រូវតែវិលត្រឡប់ជាអចិន្ត្រៃយ៍ទៅកាន់របបសេរីភាពនាវាចរណ៍ពេញលេញដែលមានមុនជម្លោះ” ដោយបន្ថែមថា បេសកកម្មអមដំណើរពហុជាតិសាសន៍នាពេលអនាគតដែលបានចាប់ផ្តើមដោយបារាំង និងអង់គ្លេស នឹងរួមចំណែកដល់គោលដៅនេះ។

គំនិតផ្តួចផ្តើមបារាំង-អង់គ្លេសនេះ “ដោយធម្មជាតិរបស់វានឹងដាច់ដោយឡែកពីភាគីសង្គ្រាម។ ការដាក់ទីតាំងជាមុននៃនាវាផ្ទុកយន្តហោះ Charles de Gaulle គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងនេះ” លោកបានមានប្រសាសន៍ថា ដោយអំពាវនាវឱ្យអ៊ីរ៉ង់ “ចាប់យកឱកាសនេះ”។

ប្រធានាធិបតីបារាំងក៏បានបង្ហាញពីចេតនារបស់លោកក្នុងការពិភាក្សាអំពីបញ្ហានេះជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ផងដែរ។

នាវាផ្ទុកយន្តហោះបារាំង Charles de Gaulle បច្ចុប្បន្នកំពុងធ្វើដំណើរឆ្ពោះទៅសមុទ្រក្រហមភាគខាងត្បូងដើម្បី “កាត់បន្ថយពេលវេលាដែលត្រូវការដើម្បីអនុវត្ត” គំនិតផ្តួចផ្តើមបារាំង-អង់គ្លេស “ឱ្យបានឆាប់តាមដែលកាលៈទេសៈអនុញ្ញាត” នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយកាលពីថ្ងៃពុធដោយក្រសួងការពារជាតិបារាំង៕

ប្រែសម្រួលៈ ណៃ តុលា

To Top