លោក ឃួង ស្រេង ឱ្យម្ចាស់ទីតាំងស្នាក់នៅប្រមូលផ្តុំ ចូលរួមសហការឈានទៅលុបបំបាត់ បទល្មើស Scam Online ជាមួយអាជ្ញាធរ
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើឱ្យម្ចាស់ទីតាំង បុរី ខុនដូរ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅឋានស្នាក់នៅប្រមូលផ្តុំ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ចូលរួមសហការជាមួយ អាជ្ញាធរមានសមត្ថកិច្ច ដើម្បីឈានទៅលុបបំបាត់ បទល្មើស Scam Online នៅទូទាំងរាជធានីភ្នំពេញ។

ការលើកឡើងខាងលើនេះរបស់ លោក ឃួង ស្រេង បានធ្វើឡើង ក្នុងពិធីផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអនុក្រឹត្យលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំង រស់នៅប្រមូលផ្តុំ ទៅដល់ម្ចាស់ទីតាំង បុរី ខុនដូរ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅឋានស្នាក់នៅប្រមូលផ្តុំ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦នេះ នៅសាលារាជធានីភ្នំពេញ។

ក្នុងនោះលោក ឃួង ស្រេង បានលើកឡើងថា ភ្ញៀវបរទេសដែលមកស្នាក់នៅកម្ពុជាស្របច្បាប់ មិនបង្ករបទល្មើសផ្សេងៗ យើងស្វាគមន៍ តែបើបង្ករបទល្មើស ប្រទេសកម្ពុជា ក៏មានច្បាប់ ដើម្បីអនុវត្តទោសទណ្ឌដែរ។

លោកអភិបាលរាជធានីភ្នំពេញ គូសបញ្ជាក់ថា យើងត្រូវរួមគ្នាដើម្បីធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជា គ្មានបទល្មើស Scam Online ដើម្បីឱ្យកម្ពុជា សម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោក ឃួង ស្រេង ក៏បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ បង្កើតគ្រុបតេឡេក្រាម ជាមួយម្ចាស់ទីតាំង បុរី ខុនដូរ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅឋានស្នាក់នៅប្រមូលផ្តុំ ក្នុងភូមិសាស្រ្តរបស់ខ្លួន ដើម្បីងាយស្រួលទំនាក់ទំនងគ្នា ជាពិសេសគឺអាចផ្តល់ព័ត៌មាន ឬរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន អំពីភាពមិនប្រក្រតី ឬបទល្មើស Scam Online បានគ្រប់ពេលវេលា។

លើសពីនេះទៀត លោកអភិបាល ក៏បានណែនាំដល់អាជ្ញាធរ និងកងកម្លាំងទាំងអស់ មិនត្រូវពាក់ព័ន្ធ ឬទារលុយកាក់ពីម្ចាស់ទីតាំងដាច់ខាត គឺត្រូវបំពេញការងារ ដោយស្មារតីទទួលខុសត្រូវខ្ពស់៕




