ប្រទេសប៉ារ៉ាហ្គាយ និងកោះតៃវ៉ាន់ បញ្ជាក់ជាថ្មីនូវចំណងមិត្តភាពជាមួយគ្នា បន្ទាប់ពីចិនបានស្នើសុំឲ្យប្រទេសអាមេរិកខាងត្បូងនេះកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយទីក្រុងតៃប៉ិ
បរទេស៖ ប្រធានាធិបតីប៉ារ៉ាហ្គាយ លោក Santiago Peña បាននិយាយនៅថ្ងៃសុក្រថា ប៉ារ៉ាហ្គាយ ឲ្យតម្លៃយ៉ាងខ្លាំងចំពោះចំណងមិត្តភាពរបស់ខ្លួនជាមួយកោះតៃវ៉ាន់ ដែលជាការបង្ហាញពីសាមគ្គីភាពជាមួយលទ្ធិប្រជាធិបតេយ្យនៅលើកោះនេះ មួយថ្ងៃបន្ទាប់ពីទីក្រុងប៉េកាំងបានស្នើសុំឲ្យប្រទេសអាមេរិកខាងត្បូងនេះកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយទីក្រុងតៃប៉ិ។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ថា ប៉ារ៉ាហ្គាយគឺជាប្រទេសតែមួយគត់នៅអាមេរិកខាងត្បូង និងជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ១២ នៅទូទាំងពិភពលោកដែលទទួលស្គាល់កោះតៃវ៉ាន់។ ទីក្រុងប៉េកាំងចាត់ទុកកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ហើយបានបង្កើនយុទ្ធនាការក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីទាក់ទាញសម្ព័ន្ធមិត្តការទូតរបស់កោះតៃវ៉ាន់ បន្ថែមពីលើការបង្កើនសម្ពាធយោធាជុំវិញកោះនេះ។
នៅក្នុងព្រឹត្តិការណ៍កិត្តិយសយោធា លោក Peña បាននិយាយថា ពិធីនេះតំណាងឱ្យការប្តេជ្ញាចិត្តដ៏រឹងមាំរវាងភាគីទាំងពីរ ក្នុងការពង្រឹងចំណងមិត្តភាព និងភាពជាដៃគូរបស់ពួកគេជាបន្តបន្ទាប់ នេះបើយោងតាមអ្នកបកប្រែ។ លោកបាននិយាយថា ដោយផ្អែកលើមូលដ្ឋានគ្រឹះនៃតម្លៃរួមដូចជា លទ្ធិប្រជាធិបតេយ្យ សេរីភាព និងសិទ្ធិមនុស្ស ខ្លួននឹងបន្តគាំទ្រកោះតៃវ៉ាន់ និងលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រទ្វេភាគី។
អ្នកបកប្រែបានដកស្រង់សម្តីរបស់លោកថា នៅខាងក្រៅការិយាល័យប្រធានាធិបតីតៃវ៉ាន់ បានមានប្រសាសន៍ថា “ប៉ារ៉ាហ្គាយឲ្យតម្លៃខ្ពស់ចំពោះទំនាក់ទំនងនេះ”៕
ប្រែសម្រួលៈ ណៃ តុលា
