អាជ្ញាធរខេត្តកំពង់ចាម ដាក់គោលដៅលម្អតំបន់ទំនប់រូងជ្រៃ ក្នុងស្រុកស្ទឹងត្រង់ ឱ្យក្លាយជាតំបន់រមណីយដ្ឋានធម្មជាតិ
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំមន្រ្តីជំនាញ ពាក់ព័ន្ធ រួមជាមួយអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះត្រួតពិនិត្យ កែលម្អតំបន់ទំនប់រូងជ្រៃ ឱ្យក្លាយជាតំបន់រមណីយដ្ឋានធម្មជាតិ ដែលមានទីតាំងស្ថិតនៅភូមិអារក្សត្នោត ឃុំអារក្សត្នោតស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

លោក អ៊ុន ចាន់ដា បានដាក់គោលដៅ អភិវឌ្ឍន៍រមណីយដ្ឋានតំបន់ទំនប់រូងជ្រៃ ដោយបានឲ្យវិស័យឯកជនចូលរួមអភិវឌ្ឍន៍មួយផ្នែក ដើម្បីជួយសម្រួលបន្ទុករបស់រដ្ឋ ។ ក្នុងនោះ លោកអភិបាលខេត្ត បានណែនាំដល់វិស័យឯកជនដែលទទួលបន្ទុកក្នុងការងារកសាង អភិវឌ្ឍន៍តំបន់នោះ ត្រូវស្តារទំនប់រូងជ្រៃឲ្យបានជ្រៅ ដើម្បីសម្រាប់ស្តុកទឹកឲ្យប្រជាពលរដ្ឋប្រើប្រាស់នាពេលរដូវក្ដៅ និងទុកឲ្យបងប្អូនប្រជាពលរដ្ឋយកទៅស្រោច ស្រពលើដំណាំ ចំការរបស់ពួកគាត់។

លោកអភិបាលខេត្ត ក៏បានណែនាំបន្ថែមឱ្យកសាងផ្លូវ ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ជុំវិញរមណីយដ្ឋាន ឲ្យបានស្អាត សម្រាប់ឲ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលមកលេងកម្សាន្ត មានភាពងាយស្រួលធ្វើដំណើរ និងបង្កលក្ខណៈឲ្យប្រជាពលរដ្ឋរស់នៅតំបន់អាចប្រើប្រាស់ សម្រាប់ដឹកជញ្ជូនកសិផលផ្សេងៗផងដែរ។




អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម
រូបភាពដោយ: គីហ្សូណា
